លោកស្រីឧកញ៉ា ហង្ស ម៉ារីនី អតីតតារាសម្តែង និងស្វាមី លោកឧកញ៉ា ផូ កែវសម្បត្តិ ទទួលបានការតែងតាំងជាទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដោយបញ្ញត្តិគោរម្យងារផ្សេងគ្នា។
តាមរយៈការបង្ហាញលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២០ ខែវិច្ឆិកា លោកស្រីឧកញ៉ា ហង្ស ម៉ារីនី បានឱ្យដឹងថា ការប្រោសព្រះរាជទានតែងតាំងជា ទីប្រឹក្សាផ្ទាល់សម្តេចព្រះអភិសិរី សុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី ដោយបញ្ញត្តិគោរម្យ័ងារ ដូចខាងក្រោម៖
១)ឧកញ៉ា ផូ កែវសម្បត្តិ ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ បួរ គ្រី ដោយបញ្ញត្តិគោរម្យងារ (ធម្មសាមីបដិបន្នោមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍)។
២)ឧកញ៉ា ហង្ស ម៉ារីនី ទីប្រឹក្សាផ្ទាល់សម្តេចព្រះសង្ឃរាជ បួរ គ្រី ដោយបញ្ញត្តិគោរម្យងារ (ធម្មមាតានារីរតន៍មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍)។
លោកស្រី ហង្ស ម៉ារីនី ជាតារាម្នាក់ដែលចូលចិត្តធ្វើការងារសប្បុរសធម៌ និងបច្ចុប្បន្ន ជាអ្នកជំនួញរកស៊ីនៅលើអនឡាញយ៉ាងល្បីឈ្មោះ។ លោកស្រី និងស្វាមី មានកូនប្រុសស្រីចំនួន ៣នាក់ ខណៈដែលកូនទី៣ ឈ្មោះ ផូ ឥន្រ្ទភិច្ឆ័យ ទើបសម្រាលកាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣។ លោកស្រី ហង្ស ម៉ារីនី និងលោក ផូ កែវសម្បត្តិ ទទួលបានគោរមងារ «ឧកញ៉ា» ពីព្រះមហាក្សត្រ ក្នុងថ្ងៃជាមួយគ្នា កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣៕