ចិន និងអារ៉ាប៊ីសាអូឌីត​ ចុះកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណក្នុងស្រុក

អន្តរជាតិ

ធនាគារកណ្តាលចិន និងធនាគារកណ្តាលរបស់អារ៉ាប៊ីសាអូឌីត បាននិយាយកាលពីថ្ងៃចន្ទថា ថ្មីៗនេះធនាគារនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណក្នុងស្រុក ដែលមានតម្លៃ ៥០ ពាន់លានយន់ (៦,៩៣ ពាន់លានដុល្លារ) ឬ ២៦ ពាន់លានរីយ៉ាល់អារ៉ាប៊ីសាអូឌីត។ នេះបើយោងតាមការចុះផ្សាយពីប្រភពសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមធនាគារកណ្តាលចិនបានបញ្ជាក់ថា កិច្ចព្រមព្រៀងដោះដូរនេះ នឹងមានសុពលភាពរយៈពេលបីឆ្នាំ ហើយអាចបន្តកិច្ចព្រមព្រៀងទៅវិញទៅមក នឹងជួយពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ពង្រីកការប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក ក៏ដូចជាលើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគ រវាងទីក្រុងរីយ៉ាដ និងទីក្រុងប៉េកាំង។

ពាណិជ្ជករម្នាក់បាននិយាយថា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានប្រាប់មេដឹកនាំអារ៉ាប៊ីសាអូឌីតកាលពីខែធ្នូឆ្នាំមុនថា ប្រទេសចិននឹងទិញប្រេង ព្រមទាំងឧស្ម័នជាប្រាក់យន់ ក៏ប៉ុន្តែចិនមិនទាន់បានប្រើប្រាស់រូបិយប័ណ្ណ សម្រាប់ការទិញប្រេងរបស់អារ៉ាប៊ីសាអូឌីតនៅឡើយទេ។

គួររម្លឹកផងដែរថា កាលពីក្នុងឆ្នាំ ២០២២ ប្រទេសចិនបាននាំចូលប្រេងឆៅពីអារ៉ាប៊ីសាអូឌីតក្នុងទំហំទឹកប្រាក់ ៦៥ ពាន់លានដុល្លារ ដែលស្មើនឹងប្រហែល ៨៣% នៃការនាំចេញសរុបរបស់ព្រះរាជាណាចក្រ ទៅកាន់ប្រទេសយក្សអាស៊ី។

មួយវិញទៀត ទីក្រុងប៉េកាំងត្រូវបានគេមើលឃើញថា មានបណ្តាញរៀបចំការប្តូររូបិយប័ណ្ណដ៏ធំបំផុតរបស់ពិភពលោក ដែលមានយ៉ាងហោចណាស់ ៤០ ប្រទេស ប៉ុន្តែកម្របង្ហាញពីលក្ខខណ្ឌទូលំទូលាយនៃការរៀបចំរបស់ខ្លួនណាស់។

ជម្រាបបន្ថែមថា អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសនាំចេញប្រេងកំពូលរបស់ពិភពលោក និងប្រទេសចិនដែលជាអ្នកប្រើប្រាស់ថាមពលដ៏ធំបំផុតរបស់ពិភពលោក បានធ្វើការយ៉ាងស៊ីជម្រៅលើទំនាក់ទំនងអ៊ីដ្រូកាបូននៅប៉ុន្មានឆ្នាំថ្មីៗនេះ ដោយពង្រីកបានកិច្ចសហប្រតិបត្តិការ លើវិស័យដូចជាសន្តិសុខ និងបច្ចេកវិទ្យាផងដែរ៕