ប្រធានក្រុមហ៊ុនអចលនទ្រព្យវៀតណាម រងការចោទប្រកាន់ពីបទឆបោកលុយជាង ៤០ពាន់លានដុល្លារ

អន្តរជាតិ

ប្រធានក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យ Van Thinh Phat លោកស្រី Truong My Lan ត្រូវបានគេចោទប្រកាន់ថាបានប្រព្រឹត្តិអំពើឆបោកក្នុងទំហំទឹកប្រាក់ចំនួន ១ ០០០ទ្រីលានដុង (៤៤ពាន់លានដុល្លារ) តាមរយ:ការប្រើប្រាស់ធនាគារ SCB របស់ខ្លួន ក្នុងរយ:ពេល ១០ឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការចុះផ្សាយពីសារព័ត៌មាន VN Express បានរាយការណ៍មកថា លោកស្រី​ Lan ត្រូវបានប៉ូលីសកំណត់អត្តសញ្ញាណថា ជាមេក្លោងក្នុងការប្រើប្រាស់ឈ្មោះក្លែងក្លាយ ដើម្បីគ្រប់គ្រងធនាគារ និងក្រុមហ៊ុនរាប់ពាន់ ដើម្បីទទួលបានប្រាក់កម្ចីតាមតម្រូវការ។

រហូតមកដល់ពេលនេះ ប៉ូលីសវៀតណាម ក៏បានឈានដល់ការចោទប្រកាន់ទៅលើមនុស្សចំនួន ៨៦ នាក់ រួមទាំងលោកស្រី Lan អ្នកគ្រប់គ្រងធនាគារ SCB និងមន្ត្រីមួយចំនួនទៀត នៅក្នុងធនាគាររដ្ឋវៀតណាម ផងដែរ។

គួរឱ្យដឹងថា លោកស្រី Lan បានចាប់ផ្តើមការឆបោកនេះ នៅក្នុងឆ្នាំ ២០១១ ដោយនាំយកមនុស្សដែលខ្លួនទុកចិត្តបំផុត ដើម្បីទៅគ្រប់គ្រង និងទិញភាគហ៊ុនរបស់ធនាគារធំៗចំនួនបី គឺ Saigon Commercial JSC, Vietnam Tin Nghia និង De Nhat ដោយដាក់ឈ្មោះកម្មសិទ្ធិរបស់ពួកគេ ប៉ុន្តែជាលុយរបស់លោកស្រី។

រហូតដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ ធនាគារទាំងបីខាងលើ ត្រូវបានរួមបញ្ចូលគ្នា ដើម្បីបង្កើតជាធនាគារតែមួយឈ្មោះថា SCB ដោយក្នុងនោះ លោកស្រី Lan កាន់កាប់ភាគហ៊ុនចំនួន ៩១,៥% នៃភាគហ៊ុនសរុបរបស់ធនាគារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Lan មិនបានបង្ហាញពីចំនួនពិតប្រាកដនៃភាគហ៊ុនសរុបដែលខ្លួនបានកាន់កាប់នោះឡើយ ដោយលោកស្រីបានប្រើប្រាស់បុគ្គលចំនួន ២៧ រូប នៅក្នុងការគ្រប់គ្រងភាគហ៊ុនទាំងនេះ ដូច្នេះវាមានន័យថាលោកស្រី មានត្រឹមតែ ៤% ប៉ុណ្ណោះនៃភាគហ៊ុនរបស់ធនាគារសរុប ដើម្បីអនុលោមតាមច្បាប់កំណត់កម្មសិទ្ធិបុគ្គលរបស់រដ្ឋាភិបាល ដែលចែងថា បុគ្គលម្នាក់អាចកាន់កាប់ភាគហ៊ុនបានត្រឹមតែ ៥% ប៉ុណ្ណោះ នៅក្នុងធនាគារ។

ជុំវិញការគ្រប់គ្រងធនាគារ ដោយសំងាត់នេះ លោកស្រី Lan បានតែងតាំងមនុស្សដែលលោកស្រីទុកចិត្ត ក្នុងមុខតំណែងសំខាន់ៗ នៅក្នុងធនាគារនោះ ហើយបានបើកប្រាក់ខែឱ្យពួកគេពីចន្លោះពី ២០០លានដុង ទៅ ៥០០លានដុង។

ជម្រាបជូនផងដែរថា បើទោះបីជាអ្នកគ្រប់គ្រង និងភាគទុនិកភាគច្រើនជាជនជាតិវៀតណាមក៏ដោយ ប៉ុន្តែប៉ូលីស បានស៊ើបអង្កេតរកឃើញថាមានជនបរទេសជាច្រើនផងដែរ ដែលកាន់កាប់ភាគហ៊ុននៅក្នុងធនាគារ SCB ប៉ុន្តែលោកស្រី Lan មិនដែលបានបង្ហាញព័ត៌មានលម្អិតអំពីពួកគេនោះឡើយ។

បើទោះបីជា SCB មានប្រធាន នាយកប្រតិបត្តិ និងអគ្គនាយករង ដើម្បីពិនិត្យមើលសំណើឥណទានក៏ដោយ ប៉ុន្តនៅចុងក្រោយគឺមានតែលោកស្រី Lan ប៉ុណ្ណោះ ដែលអាចសម្រេចទៅលើអ្វីៗគ្រប់បែបយ៉ាងនៅក្នុងធនាគារនេះ ។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំម្នាក់នៅក្នុងធនាគារ SCB បានសារភាពប្រាប់ប៉ូលីសថា លោកមានសិទ្ធិត្រឹមតែអាចចុះហត្ថលេខាប៉ុណ្ណោះ ដើម្បីផ្តល់ជូនប្រាក់កម្ចី ទៅឱ្យលោកស្រី Lan និងបណ្តាញក្រុមហ៊ុនរបស់លោកស្រី តាមចំនួនដែលគាត់ត្រូវការ ៕