ប្រទេសឡាវ កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីបង្កើនការនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជំរុញដល់ការអភិវឌ្ឍប្រភពថាមពលកកើតឡើងវិញ ក្នុងគោលបំណងប្រែក្លាយឲ្យទៅជាប្រទេសផ្តល់ប្រភពថាមពលធំបំផុត ក្នុងតំបន់នាពេលខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
យោងតាមទិន្នន័យរបស់ក្រសួងថាមពល និងរ៉ែនៃប្រទេសឡាវ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្នប្រទេសរបស់ខ្លួន មានរោងចក្រថាមពលចំនួន ៩៤ ដែលក្នុងនោះមានរោងចក្រវារីអគ្គិសនីចំនួន ៨១ កន្លែង ដែលមានសមត្ថភាពបង្កើតអគ្គិសនីសរុបជាង ១១ ៦០០ មេហ្គាវ៉ាត់។
គួរឱ្យដឹងថា នៅក្នុងឆ្នាំ ២០២១ ការនាំចេញអគ្គិសនីសរុបរបស់ឡាវ បាននាំមកនូវប្រាក់ចំណូលបានជាង ២,៣ពាន់លានដុល្លារ ខណ:ពេលដែលប្រទេសនេះ ត្រូវចំណាយត្រឹមតែជាង ៤០លានដុល្លារប៉ុណ្ណោះ សម្រាប់ការនាំចូលអគ្គិសនីត្រលប់មកវិញ។ ហើយបច្ចុប្បន្នឡាវ បានលក់អគ្គិសនីរបស់ខ្លួនទៅឲ្យប្រទេសក្នុងតំបន់ចំនួន ៦ ដូចជា ថៃ ចិន មីយ៉ាន់ម៉ា វៀតណាម កម្ពុជា និងសិង្ហបុរី។
នាពេលខាងមុខ ឡាវនឹងបន្តការចរចាបន្ថែមទៀត ដើម្បីបង្កើនការនាំចេញថាមពលអគ្គិសនីរបស់ខ្លួន ហើយក្នុងពេលជាមួយគ្នានេះ ប្រទេសនេះ បានជ្រើសរើសយកការអភិវឌ្ឍប្រភពថាមពលប្រកបដោយប្រសិទ្ធភាពខ្ពស់ គុណភាពល្អ ការវិនិយោគទាប និងភាពស៊ីសង្វាក់គ្នា ជាមួយនឹងនិន្នាការបច្ចុប្បន្ន។
វារីអគ្គិសនីបច្ចុប្បន្ន មានប្រហែល ៧០% នៃទិន្នផលអគ្គិសនីសរុបនៅក្នុងប្រទេសឡាវ ក៏ដូចជាមានរោងចក្រថាមពលខ្យល់ប្រហែល ១០ ផ្សេងទៀត ដែលមានសមត្ថភាពទាញយកថាមពលសរុប ៣,៦GW នៅក្នុងដំណាក់កាលធ្វើផែនការ។
ថ្មីៗនេះ ប្រទេសឡាវ ក៏បានដំឡើងទួរប៊ីនដំបូងនៃគម្រោងថាមពលខ្យល់ ដែលមានកម្លាំងសរុបដល់ទៅ ៦០០ មេហ្គាវ៉ាត់ នៅស្រុក Dakcheung ក្នុងខេត្ត Xekong ផងដែរ។ ចំពោះគម្រោងថ្មីនេះ ត្រូវបានគេចាត់ទុកថាជារោងចក្រថាមពលខ្យល់ដ៏ធំបំផុត នៅអាស៊ីអាគ្នេយ៍ ដែលមានទួរប៊ីនខ្យល់ចំនួន ១៣៣ និងការវិនិយោគសរុបប្រហែល ៩០០លានដុល្លារ៕