តើអ្នកឧកញ៉ា ថៃ ជាហួត ចេញមកប្រឡូកក្នុងវិស័យជំនួញនៅឆ្នាំណា?

ជុំវិញ​ឧកញ៉ា

មនុស្សមិនតិចនោះទេដែលថាមិនធ្លាប់បានស្គាល់បុរី ប៉េងហួត ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យលំដាប់ថ្នាក់ខ្ពស់មួយនៅក្នុងប្រទេសកម្ពុជាទាំងតម្លៃ និងស្តង់ដារបរិស្ថាន។ គ្រប់គ្នាអាចស្គាល់ច្បាស់ពីបុរី ប៉េងហួត ប៉ុន្តែក៏មានមនុស្សមួយចំនួនមិនទាន់បានស្គាល់ពីស្ថាបនិកនៃគម្រោងអចលនទ្រព្យដ៏ធំនេះ គឺអ្នកឧកញ៉ា ថៃ ជាហួត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ដល់ឧកញ៉ា ថៃ ជាហួត ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៧២៣/១៦០៨។

មានវ័យ៥៣ឆ្នាំ អ្នកឧកញ៉ា ថៃ ជាហួត មានស្រុកកំណើតនៅឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ អ្នកឧកញ៉ាបានចូលប្រឡូកក្នុងវិស័យជំនួញតាំងពីទសវត្សឆ្នាំ១៩៩០ មកម៉្លេះ។ គិតមកដល់បច្ចុប្បន្នអ្នកឧកញ៉ាជាអ្នកជំនួញវិស័យអចលនទ្រព្យដ៏លេចធ្លោរ និក្តោបក្តាប់តំបន់សំខាន់ៗក្នុងរាជធានីភ្នំពេញ ហើយបាននឹងកំពុងបង្កើតគម្រោងធំៗជាច្រើនកន្លែងប្រមាណជាង ៣៦គម្រោងហើយ។

អ្នកឧកញ៉ា ថៃ ជាហួត ជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ប៉េង ហួត គ្រុប (Peng Huoth Group) ដែលចាប់ផ្តើមប្រតិបត្តិការអាជីវកម្មនៅឆ្នាំ២០០៥។ បច្ចុប្បន្នក្រុមហ៊ុនអចលនទ្រព្យមួយនេះបានពង្រីកវិសាលភាពបុត្រសម្ព័ន្ធធំៗចំនួន៣ រួមមាន៖ ក្រុមហ៊ុន បុរី ប៉េង ហួត (Property Development) ក្រុមហ៊ុន ភីអេច ខន់ស្រ្កាក់សិន (PH Construction) និង ក្រុមហ៊ុន ភីអេច អ៊ីនវេសមិន (PH Investment) ។ នេះបើតាមរបាយការណ៍នៅលើវេបសាយផ្លូវការក្រុមហ៊ុន ប៉េងហួត គ្រុប។

នៅក្នុងសារផ្ញើជូនអតិថិជន និងដៃគូវិនិយោគ អ្នកឧកញ៉ា ថៃ ជាហួត បានបញ្ជាក់ថា ហេតុផលដែលក្រុមហ៊ុន ប៉េង ហួត គ្រុប ដើរមកដល់ចំណុចនេះ គឺដោយសារការផ្តល់នូវបរិយាកាសរស់នៅល្អសម្រាប់អនាគតប្រទេសកម្ពុជា ខណៈពេលមានមនុស្សជាច្រើនកំពុងតែយកចិត្តទុកដាក់ គិតគូរ និងការពារទៅលើវិស័យបរិស្ថាន។ យើងខ្ញុំផ្ដល់ឲ្យអតិថិជន និងសហគមន៍នូវគុណតម្លៃ ដោយសាងសង់លំនៅឋានដែលមានគុណភាពខ្ពស់ ដើម្បីធ្វើឱ្យជីវិតលោកអ្នកកាន់តែមានន័យ។ 

សូមជម្រាបជូនថា បច្ចុប្បន្នអ្នកឧកញ៉ា ថៃ ជាហួត ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា, អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និងអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមឧកញ៉ាកម្ពុជា៕