កូនប្រសារលោក នេត សាវឿន ទទួលការតែងតាំងជាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ​​បាន​ចេញ​អនុក្រឹត្យ​ផ្ទេរ និង​តែងតាំង​មុខ​តំណែង​មន្ត្រី​​ជាន់ខ្ពស់​នគរបាលជាតិ​កម្ពុជា ចំនួន​៤រូប កាលពី​ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុង​នោះ​លោក ហែម សុវត្ថិ ដែល​ជា​កូន​ប្រសារ​របស់​លោក​ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ​​បាន​ផ្ទេរ​ទៅ​ជា អគ្គស្នងការរង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាលជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​តាមរយៈ​អនុក្រឹត្យ​លេខ ១២៩៩ អនក្រ.តត ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​សម្រេច​​​​ផ្ទេរ​ និង​តែងតាំង​មុខ​តំណែង​នាយនគរបាល​ថ្នាក់​ឧត្តមសេនីយ៍​ ចំនួន​៤រូប នៃ​ក្រសួង​មហាផ្ទៃ មាន​ដូច​រាយនាម​ខាង​ក្រោម៖

១. លោកឧត្តម​សេនីយ៍ឯក តាន់ សំណាង អត្តលេខ ៩៦០៦២ ជា​អគ្គស្នងការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

២. លោក​ឧត្តម​សេនីយ៍ទោ ហែម សុវត្ថិ អត្តលេខ ៦៦៥០៣ ពី​អគ្គនាយករង​នៃ​អគ្គ​នាយកដ្ឋាន​សវនកម្ម​ផ្ទៃ​ក្នុង ទៅ​ជា​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

៣. លោក​ឧត្តម​សេនីយ៍ទោ លឹម ដាវុធ អត្តលេខ ០៣៥១៨ ជា​អនុប្រធាន​សេវាធិការ​ដ្ឋាន។

៤. លោក​ឧត្តម​សេនីយ៍ត្រី កុយ រ៉ា អត្តលេខ ៨៥១១២ ជា​អនុប្រធាន​សេនាធិការដ្ឋាន។

សូម​ជម្រាប​ថា លោក​ឧត្តម​សេនីយ៍ទោ ហែម សុវត្ថិ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កញ្ញា នេត ធីតាវិឈុណា ​​កូនស្រី​លោក នេត សាវឿន ​​កាលពី​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣។ លោក នេត សាវឿន ជាអតីតអគ្គស្នងការ​នគរបាលជាតិ ដែល​ឡើងកាន់​តំណែងជំនួសលោក ហុក ឡង់ឌី តាំងពីឆ្នាំ២០០៨។ នៅ​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ​​លោក នេត សាវឿន ​បាន​ទទួលភារកិច្ចថ្មី​ជា ឧបនាយករដ្ឋមន្ត្រី សម្រាប់​អាណត្តិ​ទី៧ បន្ទាប់​ពី​រដ្ឋសភា​បាន​ផ្តល់​សេចក្តី​ទុកចិត្ត ព្រម​ទាំង​ទទួលបន្ទុកជា នាយករដ្ឋមន្រ្តីស្តីទី នៅ​ពេលនាយករដ្ឋមន្រ្តីអវត្តមាន​ផងដែរ៕