ស្ថាបនិកក្រុមហ៊ុន Binance ប្រកាលលាលែងពីតំណែង ក្រោយសារភាពពាក់ព័ន្ធក្នុងករណីលាងលុយ

អន្តរជាតិ

មហាសេដ្ឋីគ្រីបតូ លោក Changpeng Zhao បានលាលែងពីតំណែងជាប្រធានក្រុមហ៊ុន Binance កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកាកន្លងទៅ បន្ទាប់ពីលោកបានសារភាពថាមានកំហុសក្នុងការបំពានច្បាប់ ទាក់ទងនឹងការលាងលុយ នៅសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។ ​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញកំហុសនេះ លោក Zhao នឹងត្រូវបង់ប្រាក់ពិន័យផ្ទាល់ខ្លួនចំនួន ៥០លានដុល្លារ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជាមួយក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ខណ:ពេលដែលក្រុមហ៊ុនក្រុមហ៊ុន Binance នឹងត្រូវបង់ប្រាក់ផាកពិន័យចំនួន ៤,៣ពាន់លានដុល្លារផ្សេងទៀត ដើម្បីដោះស្រាយការស៊ើបអង្កេតអស់រយ:ពេលជាច្រើនឆ្នាំមកនេះ។

សហព័ន្ធរដ្ឋអាជ្ញាអាមេរិក បាននិយាយថា ក្រុមហ៊ុន Binance បានបំពានច្បាប់ប្រឆាំងនឹងការលាងលុយ និងទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយពួកគេថែមទាំងបានបរាជ័យក្នុងការរាយការណ៍ពីប្រតិបត្តិការគួរឱ្យសង្ស័យជាង ១០០ ០០០ ករណី ជាមួយក្រុមភេរវករ រួមមានក្រុមហាម៉ាស អាល់កៃដា និងរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងស៊ីរី ផងដែរ។

អគ្គមេធាវីអាមេរិក លោក Merrick Garland បាននិយាយកាលពីថ្ងៃអង្គារថា ៖ “Binance បានធ្វើឱ្យមានភាពងាយស្រួលសម្រាប់ក្រុមឧក្រិដ្ឋជន ក្នុងការផ្លាស់ប្តូរមូលនិធិ ដែលពួកគេបានលួច និងប្រាក់ចំណូលខុសច្បាប់ នៅលើប្រតិបត្តិការ។ ហើយឥឡូវ ក្រុមហ៊ុននឹងត្រូវបង់ការពិន័យសារជីវកម្មដ៏ធំបំផុតមួយ នៅក្នុងប្រវត្តិសាស្រ្តសហរដ្ឋអាមេរិក”។

លោក Zhao ដែលត្រូវបានគេស្គាល់ជាទូទៅ នៅក្នុងពិភពរូបិយប័ណ្ណគ្រីបតូថាជា CZ បានចូលខ្លួនមកសារភាពកំហុស នៅក្នុងតុលាការទីក្រុង Seattle កាលពីរសៀលថ្ងៃអង្គារ។

ក្រោយសារភាពកំហុស លោក Zhao បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖ “ថ្ងៃនេះខ្ញុំបានសម្រេចចិត្តលាលែងពីតំណែងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Binance។ ខ្ញុំបានធ្វើខុស ហើយខ្ញុំត្រូវតែទទួលខុសត្រូវ” ។

ជម្រាបជូនផងដែរថា លោក Richard Teng ដែលបម្រើការជាប្រធានក្រុមហ៊ុន Binance ជាច្រើនឆ្នាំមកហើយនោះ នឹងត្រូវចូលកាន់តំណែងជំនួសលោក Changpeng Zhao វិញ៕