ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលនៃប្រទេសចិន កាលពីថ្ងៃអង្គារ ទី២១ ខែវិច្ឆិកាកន្លងទៅ បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ក្នុងការបង្កើតប្រព័ន្ធទូទាត់ប្រាក់យ៉ន់ នៅក្នុងប្រទេសកម្ពុជា ដើម្បីជួយជំរុញដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងប្រទេសទាំងពីរបន្ថែមទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ប្រទេសចិន បានព្យាយាមយ៉ាងខ្លាំងក្នុងការបង្កើនការទូទាត់ប្រាក់យ៉ន់ជាសកល ចាប់តាំងពីឆ្នាំ ២០០៩ មក ដើម្បីកាត់បន្ថយកការពឹងផ្នែកលើប្រាក់ដុល្លារអាមេរិក នៅក្នុងការទូទាត់ពាណិជ្ជកម្ម និងការវិនិយោគ ក៏ដូចជាចង់ធ្វើឱ្យប្រាក់យ៉ន់របស់ខ្លួន ដើរតួនាទីជារូបិយប័ណ្ណបម្រុងដ៏សំខាន់របស់ពិភពលោក ។
គួរឱ្យដឹងផងដែរថា ក្នុងរយ:ពេលពីរឆ្នាំកន្លងមកនេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូទាត់ប្រាក់យ៉ន់ស្រដៀងគ្នានេះ ជាមួយប្រទេសប្រេស៊ីល កាហ្សាក់ស្ថាន ឡាវ និងប៉ាគីស្ថាន ផងដែរ។
ជុំវិញកិច្ចព្រមព្រៀងទូទាត់ប្រាក់យ៉ន់ ដែលបានចុះហត្ថលេខានេះ ត្រូវបានគេរំពឹងទុកខ្ពស់ថា នឹងផ្តល់លទ្ធភាពឲ្យក្រុមហ៊ុនរបស់កម្ពុជា កាន់តែមានភាពងាយស្រួល ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយប្រទេសចិន ក្នុងការទូទាត់ជាប្រាក់យ៉ន់។
យោងតាមសេចក្តីថ្លែងការណ៍មួយបានបង្ហាញឲ្យដឹងថា ទេសាភិបាលធនាគារកណ្តាលចិន លោក Pan Gongsheng និងទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវ ជា សេរី ក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រវាងប្រទេសនានា ផ្សេងទៀតផងដែរ។
ជម្រាបជូនផងដែរថា ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា បានឈានដល់ ១៦,៣ ពាន់លានដុល្លារ ក្នុងឆ្នាំ ២០២២ ។ នេះបើយោងតាមទិន្នន័យចេញផ្សាយដោយស្ថាប័ន COMTRADE របស់អង្គការសហប្រជាជាតិ៕