លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកទឹកចិត្តដល់បុគ្គលស្វ័យនិយោជន៍ដែលជាអ្នកប្រកបការងារឬមុខរបររកចំណូលផ្ទាល់ខ្លួន ដោយមិនពាក់ព័ន្ធនឹងប្រាក់ឈ្នួល ឬប្រាក់បៀវត្សដែលផ្តល់ដោយនិយោជក រួមមានដូចជា អ្នកលក់ម្ហូបអារហា,អ្នកលក់ទឹកអំពៅ, អ្នករត់កង់បីជាដើម និងអ្នកស្ថិតក្នុងបន្ទុកសមាជិក ប.ស.ស ពិចារណាក្នុងការចូលជាសមាជិក ប.ស.ស ដោយបង់វិភាគទានដោយស្ម័គ្រចិត្ត ដើម្បីជួយសម្រួលបន្ទុកជីវភាពនៅក្នុងគ្រួសារ។
ការលើកទឹកចិត្តរបស់រដ្ឋមន្រ្តីក្រសួងការងារនេះ នៅក្នុងពិធីផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស ជូនដល់សហព័ន្ធសហជីព និងសមាគម កាលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
នៅក្នុងឱកាសនោះ លោក ហេង សួរ បានឱ្យដឹងថា ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយក្នុងនោះក៏បានកំណត់ថាការពង្រីកវិសាលភាពរបបថែទាំសុខភាពទៅដល់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកគ្រួសារ គឺនឹងមានអត្ថប្រយោជន៍ទៅដល់ប្រជាពលរដ្ឋ។ដោយលោក បានលើកឡើងថា ថ្វីត្បិតតែវិសាលភាពនៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស)ដែលពង្រីកនេះ រួមទាំងបុគ្គលស្វ័យនិយោជន៍ហើយបន្ថែមពីលើសមាជិក ប.ស.ស ប៉ុន្តែបុគ្គលស្វ័យនិយោជន៍មួយចំនួនដែលស្ថិតនៅក្រោមសមាជិកសមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ព្រមទាំងសមាជិក ប.ស.ស. ដែលចង់បានការថែទាំសុខភាពទៅដល់សមាជិកគ្រួសាររបស់ខ្លួនបន្ថែមទៀត ពីព្រោះបច្ចុប្បន្ននេះ ប.ស.ស. បានក្លាយជានិមិត្តរូបនៃសុខភាព និងការរីកចម្រើនរបស់ប្រជាជននិងបងប្អូនកម្មករនិយោជិតរបស់យើង ដែលបានជួយកាត់បន្ថយបន្ទុកចំណាយ ពង្រឹងស្ថិភាព និងការព្យាករណ៍បាននៃចំណូល និងធ្វើឱ្យប្រសើរឡើងនូវសុខភាពរបស់ខ្លួន។
បើតាមរដ្ឋមន្រ្តីក្រសួងការងារ «ចំពោះបងប្អូនដែលមានប័ណ្ណ ប.ស.ស មានគ្រួសារធ្វើការជាមួយគ្នា ហើយមានកូនគឺត្រូវការចំណាយច្រើន។ដូច្នេះ កម្មវិធីនេះបើកទៅដល់កូនដែលមានអាយុក្រោម១៨ឆ្នាំ ដែលបងប្អូនទិញឬបង់វិភាគទានផ្នែកថែទាំសុខភាពម្នាក់ត្រឹមតែ១៥៦០០រៀល ឬប្រហែល៤ដុល្លារ ប៉ុណ្ណោះ។ក្នុងន័យនេះ បើកូនឈឺទៅពេទ្យទោះបីជាប៉ុន្មានដងក៏យើងមិនបារម្ភចេញលុយខាងក្រៅច្រើនទេ ព្រោះយើងមាន ប.ស.ស ផ្ទុយទៅវិញបើបងប្អូនមិនបង់ឱ្យកូនដែលនៅក្នុងបន្ទុកទេ យើងមិនដឹងថាពេលណាកូនឈឺ ហើយតើចំណាយលើថ្នាំប៉ុន្មាន ដូច្នេះវាអាចនឹងមានការចំណាយច្រើន លើសពី៤ដុល្លារ»។
លើសពីនោះ លោកក៏បានលើកទឹកចិត្តដល់បុគ្គលស្វ័យនិយោជន៍ (អ្នកធ្វើការគ្មានថៅកែ គ្មានបុគ្គលិក រួមមាន អ្នកលក់ម្ហូបអាហារ, អ្នកបើកកង់បីជាដើម) ពិចារណាក្នុងការបង់វិភាគទានតាមគោលការណ៍ស្ម័គ្រចិត្ត ដើម្បីឱ្យមានការថែទាំសុខភាពមួយល្អផងដែរ។
សូមបញ្ជាក់ថា ការបង់វិភាគទានសម្រាប់បុគ្គលស្វ័យនិយោជន៍ គឺសម្រាប់បុគ្គលមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមថ្ងៃស្នើសុំចុះឈ្មោះ និងសម្រាប់អ្នកស្ថិតក្នុងបន្ទុកសមាជិក ប.ស.ស ប្តីឬប្រពន្ធស្របច្បាប់ ឬកូននៅក្នុងបន្ទុកមានអាយុក្រោម១៨ឆ្នាំ និងកូនមានពិការភាពឬជំងឺរ៉ាំរ៉ៃដែលនៅក្នុងបន្ទុកផ្ទាល់។
កម្មវិធីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកនៃសមាជិក ប.ស.ស. ថ្មីនេះ នឹងអាចឱ្យពលរដ្ឋក្នុងមុខសញ្ញាប្រមាណ៥លាននាក់ អាចទទួលបានសេវាថែទាំសុខភាពដោយឥតគិតថ្លៃ ដោយគ្រាន់តែបង់ថវិកា១៥ ៦០០រៀល ហើយបើបូកនិងរបបថែទាំសុខភាព តាមមូលនិធិសមធម៌សុខាភិបាល ជូនគ្រួសារងាយរងហានិភ័យ ដែលរាជរដ្ឋាភិបាលបានដាក់ចេញកាលពីថ្ងៃទី២៤ ខែតុលាកន្លងទៅ កម្ពុជានឹងអាចផ្តល់សេវាថែទាំសុខភាព បានដល់ប្រជាជនចំនួនប្រមាណជាង ៩លាននាក់នៅទូទាំងប្រទេស៕