ក្រសួង នឹងផ្តល់ការលើកចិត្ត ២ចំនុចធំៗ ដល់អ្នកចុះបញ្ជីប្រកបអាជីវកម្មជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានប្រកាសដល់អ្នកកំពុងប្រកបអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ថា ក្រសួង បានសម្រេចផ្ដល់ការលើកទឹកចិត្តចំនួន២ចំនុចធំៗ ដល់អ្នកចុះបញ្ជីប្រកបអាជីវកម្មជាសេដ្ឋកិច្ចក្នុងប្រព័ន្ធដើម្បីអាចទទួលបានការគាំទ្រនានាពីរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីជូនដំណឹង ស្តីពីយន្តការលើកទឹកចិត្តនានា សម្រាប់ការចុះបញ្ជីពាណិជ្ជកម្មដោយស្ម័គ្រចិត្ត របស់វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ របស់ក្រសួងពាណិជ្ជកម្ម ដែលផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក-លោកស្រី ដែលកំពុងប្រកបអាជីវកម្មក្នុងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ មេត្តាជ្រាបថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ឱ្យអនុវត្តនូវ «យុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» និងយោងតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ហេតុនេះ ក្រសួងពាណិជ្ជកម្ម បានសម្រេចផ្ដល់ការលើកទឹកចិត្តទៅដល់ លោក-លោកស្រី ដែលមានបំណងចុះបញ្ជីប្រកបអាជីវកម្មជាសេដ្ឋកិច្ចក្នុងប្រព័ន្ធ ដើម្បីអាចទទួលបានការគាំទ្រ នានាពីរាជរដ្ឋាភិបាលនូវ២ចំនុចរួមមាន៖១. ការលើកលែងកាតព្វកិច្ចអនុលោមភាព និង២. ការលើកលែងការផាកពិន័យនានា សម្រាប់អាជីវកម្មដែលបានដំណើរការ និងមិនបានចុះបញ្ជីត្រឹមត្រូវ។

ក្រសួងពាណិជ្ជកម្ម បន្តថា តាមរយៈសេចក្តីជូនដំណឹងនេះ ក្រសួង មានជំនឿយ៉ាងមុតមាំថា លោក លោកស្រី ជាអាជីវករទាំងអស់ដែលប្រកបអាជីវកម្មក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ នឹងចូលរួមដោយស្ម័គ្រចិត្តក្នុងការ ចុះបញ្ជី ដើម្បីចូលក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធយ៉ាងផុសផុលជាមិនខាន។ សម្រាប់ព័ត៌មានលម្អិតសម្រាប់ការដាក់ពាក្យស្នើសុំតាមរយៈប្រព័ន្ធស្វ័យប្រវត្តកម្មនេះ លោក-លោកស្រី អាចចូលទៅកាន់គេហទំព័រ www.registrationservices.gov.kh (ដូចមានជូនភ្ជាប់ QR កូដខាងក្រោម) ឬ អាចធ្វើការទំនាក់ទំនងផ្ទាល់ទៅកាន់នាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម អគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម នៃក្រសួង ពាណិជ្ជកម្ម។

សូមរម្លឹកដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧នឹងខិតខំបន្តយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីតបស្នងនឹងការបោះឆ្នោតគាំទ្រ ក៏ដូចជាការផ្ដល់សេចក្ដីទុកចិត្តពីសំណាក់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាផងដែរ។ ដូច្នេះក្រៅពីការយកចិត្តទុកដាក់គាំពារ និងផ្ដល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតដែលប្រកបការងារផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធហើយនោះ រាជរដ្ឋាភិបាលថ្មីក៏កំពុងគិតគូរដល់អ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាបុគ្គលស្វ័យនិយោជន៍ផងដែរ។

ដោយសម្តេធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ «រាជរដ្ឋាភិបាលក៏បានគិតគូរដល់ប្រជាពលរដ្ឋដែលជាអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគាត់បានចុះបញ្ជីក្នុងប្រព័ន្ធ និងបានទទួលអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល ព្រោះប្រសិនបើពួកគាត់នៅក្រៅប្រព័ន្ធ យើងពិបាកក្នុងការគ្រប់គ្រងចំនួនទិន្នន័យ និងផ្ដល់ការគាំពារដល់គាត់មិនគ្រប់ជ្រុងជ្រោយ មិនចំគោលដៅឡើយ»។

សម្តេចធិបតី បានបន្តទៀតថា ការរៀបចំចុះបញ្ជីអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍នេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ។ អ្វីដែលតែក្រសួង/ស្ថាប័នពាក់ព័ន្ធត្រូវធ្វើនោះ គឺការខិតខំបង្ហាញអំពីការគាំពារសង្គម ការផ្ដល់អត្ថប្រយោជន៍នានា និងការអនុគ្រោះមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋបានឃើញ ហើយអាចស្ម័គ្រចិត្តចូលរួមចុះបញ្ជីជាបន្តបន្ទាប់៕ អត្ថបទ៖​រង្សី