ឧកញ៉ា តែ តាំងប៉ រៀបចំកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម រវាង FASMEC និង JCA ក្នុងការនាំផលិតផលខ្មែរទៅជប៉ុន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម រវាង សម្ព័ន្ធសមាគម សហគ្រាស ធុនតូច និងមធ្យមកម្ពុជា (FASMEC) និងសមាគមជប៉ុន-កម្ពុជា (JCA) ក្នុងការនាំផលិតផលខ្មែរទៅទីផ្សារប្រទេសជប៉ុន ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កម្មវិធីនេះ ធ្វើឡើងនៅ សណ្ឋាគារ SUN & MOON Riverside ដែលមានការអញ្ជើញចូលរួមពីឧកញ៉ា តែ តាំងប៉ និងលោក តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) រួមទាំងភ្ញៀវកិត្តិយស ប្រមាណជាង ៦០ រូបទៀត។

ថ្លែងនៅក្នុងកម្មវិធីនេះ ឧកញ៉ា តែ តាំងប៉ បានប្រាប់ JCA ថាកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្ម ជាមួយ នឹងប្រទេសជប៉ុននាពេលនេះ ក្នុងគោលបំណងដើម្បីបង្កើត និងពង្រឹងចំណងមិត្តភាព ក្នុងកិច្ចសហការ ពាណិជ្ជកម្ម ក៏ដូចជាស្វែងយល់ពីប្រភេទផលិតផល ប្រភេទពាណិជ្ជកម្មកាន់តែច្បាស់ និងផ្គូរផ្គងថាតើផលិតផល ណាខ្លះ ដែលកម្ពុជាអាចនាំចេញទៅប្រទេសជប៉ុនបាន ហើយផលិតផលណាមួយដែលជប៉ុន អាចនាំចូលមក កម្ពុជា បានតាមរយៈការផ្សារភ្ជាប់ទំនាក់ទំនងនេះ។

ប្រធាន FASMEC ក៏បានអញ្ជើញអ្នកវិនិយោគ និងម្ចាស់សហគ្រាសជាច្រើនអ្នកមានទាំងកម្ពុជា និងជប៉ុន ឱ្យ ចូលរួមក្នុងកម្មវិធីផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មនេះ ដោយលោកឧកញ៉ា សង្ឃឹមយ៉ាងមុតមាំថា នាពេលខាងមុខ ផលិតផលខ្មែរនឹងមានច្រើននៅទីផ្សារប្រទេសជប៉ុន។

ក្រៅពីនេះ FASMEC និង JCA ក៏បាន ពិភាក្សាគ្នា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបង្កើតទំនាក់ទំនង អាជីវកម្ម ជាមួយគ្នា ព្រមទាំងរឹតចំណង មិត្តភាពរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំ ថែមទៀត ហើយឧកញ៉ា តែ តាំងប៉ បានធ្វើការគាំទ្រយ៉ាងពេញទំហឹង និងស្វាគមន៍នៃការអញ្ជើញ មកដល់នូវអ្នកវិនិយោគ ពីប្រទេសជប៉ុន មកកាន់ កម្ពុជា លើវិស័យសហគ្រាសធុនតូច និងមធ្យម នឹងជួយបន្ថែមការនាំបច្ចេកទេស បច្ចេកវិទ្យាថ្មីៗ ដល់ប្រជាជន កម្ពុជា ដើម្បីកែច្នៃផលិតផលវត្ថុធាតុដើមកម្ពុជា ឱ្យក្លាយជាផលិតផលសម្រេច ដើម្បីបង្កើនការនាំផលិតផល កម្ពុជា ទៅកាន់ទីផ្សារពិភពលោក និងបង្កើនដៃគូសហការរវាងប្រទេសជប៉ុន និងកម្ពុជា ឱ្យកាន់តែសំបូរបែប ថែមទៀត៕

អត្ថបទ៖ សុកធា