លោក Mark Rutte កំពុងប្រឈមនឹងហានិភ័យ នៃការបាត់បង់មុខតំណែងជានាយករដ្ឋមន្ត្រីនៃប្រទេសហូឡង់ ប៉ុន្តែជាមួយគ្នា លោកក៏កំពុងតាមចាប់មុខងារថ្មីមួយទៀត ដែលមានតំណែងធំជាងមុន គឺប្រធាននៃអង្គការណាតូ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។
ទន្ទឹមនឹងនោះ មន្ត្រីអឺរ៉ុប២រូប សុំមិនបញ្ចេញឈ្មោះបានប្រាប់ Politico ថា លោក Mark គឺជាបេក្ខភាពដ៏មានឥទ្ធិពលបំផុត ក្នុងចំណោមបេក្ខភាព៣រូប ក្នុងការប្រជែងតំណែងជាប្រធានអង្គការណាតូ បន្ទាប់ពីលោក Jens Stoltenberg គ្រោងចុះចេញពីតំណែងនាឆ្នាំក្រោយ។
គួររំលឹកបន្តិចថា លោក Mark ទទួលបានការគាំទ្រខ្លាំងពីប្រទេសបារាំង ពោលប្រធានាធិបតី Emmanuel Macron គឺបានបង្ហាញឥតលាក់លៀមពីការគាំទ្រ ដល់នាយករដ្ឋមន្ត្រីហូឡង់ ក្នុងការឡើងកាន់តំណែងកំពូលនៃអង្គការណាតូ។
ប៉ុន្តែជាមួយគ្នា សភាអាមេរិកមួយចំនួនបានបង្ហាញការមិនពេញចិត្តចំពោះលោក Mark បន្ទាប់ពីហូឡង់បរាជ័យ ក្នុងការអនុវត្តតាមគោលការណ៍របស់អង្គការណាតូ ដែលតម្រូវឲ្យសមាជិក ត្រូវចំណាយលើការការពារជាតិ យ៉ាងតិចស្មើ ២% នៃ GDP សរុបរបស់ប្រទេសនីមួយៗ៕