World Bank៖ ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជាឡើងដល់ ៥,៨% និង៦,១% ក្នុងឆ្នាំ២០២៥ ដោយសារកើនឡើងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា

សង្គម​ និង​សេដ្ឋកិច្ច

ធនាគារពិភពលោក (World Bank) បានព្យាករថាសេដ្ឋកិច្ចកម្ពុជានឹងមានកំណើន៥,៤% នៅក្នុងឆ្នាំ២០២៣ ដែលជាកម្រិតទាបជាងបន្តិចពី ៥,៥% ដែលត្រូវបានព្យាករទុកកាលពីខែឧសភាកន្លងទៅ និងឡើងដល់ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,១% ក្នុងឆ្នាំ២០២៥ ជាមួយនឹងការរំពឹងទុកអំពីការកើនឡើងនូវការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងអំពីអត្ថប្រយោជន៍ដែលនឹងកើតចេញពីកិច្ចព្រមព្រៀងពាណិជ្ចកម្មនានាដែលកម្ពុជាមានជាមួយបណ្តាប្រទេសនៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ធនាគារពិភពលោក កាលពីថ្ងៃទី២២ វិច្ឆិកា បានឱ្យដឹងថា ក្នុងឆ្នាំនេះ កត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅនិងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលដាក់សម្ពាធលើកំណើន ទោះបីជាមានការងើបឡើងវិញក្នុងវិស័យទេសចរណ៍ និងសេវាដទៃទៀតក៏ដោយ។ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនបន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងរយៈពេលវែង។

លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ដើម្បីរក្សាបាននូវកំណើនសេដ្ឋកិច្ច កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនកំណើនមួយ ហើយកិច្ចការនេះអាចសម្រេចបាន ដោយធ្វើសកម្មភាពភ្លាមៗក្នុងការកែលម្អការបំពេញកិច្ចរបស់វិស័យសាធារណៈ”។លើសពីនោះ ការរក្សាស្ថេរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ ហើយចាំបាច់ត្រូវតែខិតខំថែមទៀតក្នុងស្តារលំហសារពើពន្ធឡើងវិញ។

បើទោះជាមានការវិនិយោគច្រើនទៅលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈកន្លងមកក្តី ផ្នែកដឹកជញ្ជូននិងប្រព័ន្ធឡូហ្ស៊ីស្ទិកដែលសមត្ថភាពនៅមានកម្រិត និងការផ្គត់ផ្គង់ថាមពល នៅតែបន្តជាបន្ទុកខ្ពស់លើចំណាយថ្លៃដើមរបស់ធុរកិច្ច និងរបស់អ្នកប្រើប្រាស់ទូទៅ។

ចំណែកវិស័យទេសចរណ៍ ទោះបីជាមានភ្ញៀវទេសចរអន្តរជាតិចូលប្រទេសវិញជាហូរហែក៏ដោយ ក៏ប្រាក់ចំណូលនៅតាមគោលដៅទេសចរណ៍សំខាន់ៗមួយចំនួន នៅតែមានចំនួនទាបជាងកម្រិតមុនការផ្ទុះជំងឺរាតត្បាតនៅឡើយ។រីឯការវិនិយោគលើការផលិតទំនិញ រួមទាំងសម្លៀកបំពាក់ និងការនាំចេញទំនិញសម្រេចក៏បានធ្លាក់ចុះ ដែលឆ្លុះបញ្ចាំងឱ្យឃើញអំពីតម្រូវការទាបនៅលើទីផ្សារពិភពលោក។ជាលទ្ធផល ការងារនៅផ្នែកឧស្សាហកម្មផលិតកម្មបានធ្លាក់ចុះ ៥% ដែលញ៉ាំងឱ្យអាជ្ញាធរធ្វើអន្តរាគមន៍ផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់កម្មករដែលត្រូវបានបញ្ឈប់ពីការងារ។

បើតាមធនាគារពិភពលោក កំណែទម្រង់រចនាសម្ព័ន្ធដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកបដោយចីរភាព និងតាមលំនាំដែលមានផលិតភាពនាំមុខ គឺត្រូវធ្វើកំណែទម្រង់មួយចំនួនដូចជា ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម៕