ក្រុមហ៊ុនលំដាប់ប្រទេសចិន Zhongzhi Enterprise Group បានប្រាប់ក្រុមវិនិយោគិនថា ខ្លួនកំពុងប្រកាសក្ស័យធន ជាមួយនឹងបំណុលសរុបកើនឡើងរហូតដល់ ៦៤ពាន់លានដុល្លារ ពោលគឺច្រើនជាងចំនួនទ្រព្យសម្បត្តិសរុបរបស់ខ្លួនទ្វេដង ខណៈដែលក្រុមហ៊ុនមួយនេះ កំពុងបន្តធ្លាក់ចូលក្នុងវិបត្តិវិស័យអចលនទ្រព្យកាន់តែជ្រៅទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ក្រុមហ៊ុន ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែការធ្លាក់ចុះនៃវិស័យអចលនទ្រព្យរបស់ប្រទេសចិនមួយនេះ បានធ្វើការសុំទោសទៅកាន់ក្រុមវិនិយោគិនរបស់ខ្លួន នៅក្នុងលិខិតមួយ ដែលបាននិយាយថា បច្ចុប្បន្នក្រុមហ៊ុន កំពុងមានបំណុលសរុបចន្លោះពី ៤២០ពាន់លានយ៉ន់ (៥៨ពាន់លានដុល្លារ) ដល់ ៤៦០ពាន់លានយ៉ន់ (៦៤ពាន់លានដុល្លារ)។
គួរឲ្យដឹងថា ចំពោះចំនួនបំណុលនេះ គឺច្រើនជាងទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Zhongzhi ទ្វេរដង ដែលមានប្រហែល ២០០ពាន់លានយ៉ន់ (២៧ពាន់លានដុល្លារ) ។នេះបើយោងតាមលិខិតដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធ។
ចំពោះវិបត្តិក្នុងវិស័យអចលនទ្រព្យកាន់តែអាក្រក់ទៅៗ ធ្វើឲ្យក្រុមហ៊ុន Zhongzhi ដែលអាស្រ័យផលប្រយោជន៍ពីអាជីវកម្មដែលខ្លួនមាន ចាប់ពីការជីកយករ៉ែ រហូតដល់ការគ្រប់គ្រងអចលនទ្រព្យ បាននិយាយនៅក្នុងលិខិតនោះថា ដោយសារទ្រព្យសកម្មរបស់ក្រុមមានចំនួនតិចជាងបំណុល ចាំបាច់ត្រូវប្រកាសក្ស័យធន ដើម្បីគ្រប់គ្រងហានិភ័យលើប្រតិបត្តិការរបស់ខ្លួនជាបន្តបន្ទាប់។
លើសពីនេះ ក្រុមហ៊ុន Zhongzhi បាននិយាយថា ៖”ក្រុមហ៊ុនសូមអភ័យទោសយ៉ាងជ្រាលជ្រៅចំពោះការខាតបង់ ដែលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកវិនិយោគ។ យើងយល់ច្បាស់អំពីភាពបន្ទាន់ សារៈសំខាន់ និងភាពធ្ងន់ធ្ងរនៃការដោះស្រាយហានិភ័យទាំងមូល” ៕