យោងតាមប្រធានសេវាពន្ធសហព័ន្ធ (FTS) បានឱ្យដឹងថា ប្រាក់ចំណូលពន្ធរបស់រុស្ស៊ី បានកើនឡើងជិត ១០% នៅចន្លោះខែមករា និងខែតុលា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT ។
ប្រធាន FTS លោក Daniil Egorov ដែលបានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីល្ងាចថ្ងៃចន្ទនោះ បាននិយាយថា តួលេខនៃចំណូលពន្ធក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០២៣ នេះមានចំនួនប្រមាណ ៤២៨ ពាន់លានដុល្លារ ហើយវាបានកើនឡើងដល់ទៅ ៤១ ពាន់លានដុល្លារបើធៀបនឹងឆ្នាំមុន។
ម្យ៉ាងវិញទៀត កាលពីឆ្នាំ ២០២២ រុស្ស៊ីបានប្រមូលពន្ធសរុបចំនួន ៤៧៨ ពាន់លានដុល្លារ ខណៈនៅឆ្នាំនេះ រុស្ស៊ីនៅតែរំពឹងថានឹងអាចប្រមូលបានចំនួន ៥២៨ ពាន់លានដុល្លារ។
ជាមួយគ្នានេះដែរ បើយើងមិនរាប់បញ្ចូលពីប្រាក់ចំណូលដែលបានមកពីប្រេង និងឧស្ម័ននោះ លោក Egorov បាននិយាយថា បង្កាន់ដៃពន្ធលើប្រាក់ចំណូលនៅចន្លោះខែមករា និងខែតុលា បានកើនឡើង ២០% ចំណែកពន្ធលើតម្លៃបន្ថែម (VAT) បានកើនឡើង ១១% ព្រមទាំងបុព្វលាភធានារ៉ាប់រងកើនឡើង ២៩% ហើយពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនបានកើនឡើង ១៣% ផងដែរ៕