ដែនដីខេត្តបាត់ដំបង ត្រូវបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីចំបាំងរាំងជល់ដោយការឈ្លានពានពីសំណាក់ពួកសៀមតាំងពីសតវត្ស១៥-១៦-១៧-១៨ ដោយត្រាខេត្តបាត់ដំបងក្រោមសម័យគ្រប់គ្រងដោយថៃ។
នៅចុងសតវត្សទិ១៨ដល់ដើមសតវត្សទី២០ ខេត្តបាត់ដំបងក៏ធ្លាក់នៅក្រោមអំណាចត្រួតត្រាជិះជាន់របស់ពួកសៀមអស់រយៈពេលជាងមួយសតវត្សរ៍ដែលគ្រប់គ្រងដោយអំណាចគ្រួសារ ចៅហ្វាបែនក្រោយមកគេដាក់ឈ្មោះថា «ត្រកូលអភ័យវង្ស» អស់៦តំណរហូតដល់ឆ្នាំ១៩០៧។ តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់មកឱ្យកម្ពុជាវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់ជាងមួយសតវត្សរ៍នោះគឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណនិងចុងកាល់ដោយប្តូរ និងខេត្តត្រាតនិងតំបន់ដាច់សេ(ដែនដីលាវ) ប៉ែកខាងលើនៃទន្លេមេគង្គ។
បើយោងតាមឯកសារដែលបានដកស្រង់ពីសៀវភៅរាជកិច្ចដែលតម្កល់ទុកនៅបណ្ណាល័យជាតិភ្នំពេញ ឃើញថាមានចៅហ្វាយ ឬភិបាលខេត្តជាច្រើនរូបបានដឹកនាំនៅក្នុងទឹកដីខេត្តបាត់ដំបង បន្ទាប់ពីលោកម្ចាស់ កថាថន ឈំ វិលត្រឡប់ទៅកាន់ប្រទេសថៃវិញ មកដល់បច្ចុប្បន្នមានចៅហ្វាយខេត្ត ឬអភិបាលខេត្ត ចំនួន៣៣រូបហើយ ក្នុងនោះមាន២រូប មានគោរមងារជា «ឧកញ៉ា»។
ចៅហ្វាយខេត្តឬអភិបាលខេត្ត ដែលមានងារជាឧកញ៉ា នោះរួមមាន ទី១. ឧកញ៉ា អភិបតីសេនា អែម អរុណ កាន់តំណែងជាចៅហ្វាយខេត្ត ចាប់ពីឆ្នាំ១៩០៨ ដល់ឆ្នាំ១៩២២ ស្ថិតក្នុងរជ្ជកាល ព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ និងទី២. ឧកញ៉ា ចុង ទួន កាន់តំណែងជាចៅហ្វាយខេត្ត ចាប់ពីឆ្នាំ១៩៣៤ ដល់ឆ្នាំ១៩៣៩ ស្ថិតក្នុងរជ្ជកាល ព្រះបាទស៊ីសុវត្ថិមុនីវង្ស។
នាពេលបច្ចុប្បន្នមាន លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ដែលផ្លាស់ប្តូរមកពីខេត្តកំពង់ធំ ចំណែកលោក ងួនត រតនៈ ទៅកាន់ខេត្តនោះវិញ។ ខេត្តបាត់ដំបង មានក្រុង/ស្រុកចំនួន ១១ ក្រុងសែនមនោរម្យ, ស្រុកសង្កែ, ស្រុកបាណន, ស្រុកបវេល, ស្រុកឯកភ្នំ, ស្រុកភ្នំព្រឹក, ស្រុកកំរៀង, ស្រុករតនមណ្ឌល, ស្រុកសំឡូត់, ស្រុកគាល់ក្រឡ និងស្រុកសំពៅលូន៕
អត្ថបទ៖ សុកធា