នាយករដ្ឋមន្ត្រីបារាំង អ្នកស្រី Catherine Colonna បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីចិន លោក Li Qiang នាថ្ងៃទី២៤ ខែវិច្ឆិកា នេះថា ប្រទេសបារាំង មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការបង្កើនកិច្ចសន្ទនា ឲ្យកាន់តែស៊ីជម្រៅជាមួយភាគីប្រទេសចិន អំឡុងពេលបំពេញទស្សនកិច្ចនៅចិន។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។
“ពួកយើងមានការប្ដេជ្ញាចិត្តខ្ពស់មែនទែន ក្នុងការបង្កើតកិច្ចសន្ទនាជាមួយប្រទេសចិន ហើយខ្ញុំពិតជាមានក្ដីសោមនស្សរីករាយជាខ្លាំង នៅពេលដែលបានជួបគាត់ (Li Qiang) ម្ដងទៀត ក្រោយកិច្ចប្រជុំនៅទីក្រុងប៉ារីស កាលពីខែមិថុនា”។ អ្នកស្រី Colonna បានលើកឡើងបែបនេះ ទៅកាន់លោក Li Qiang។
អ្នកស្រីបន្ថែមទៀតថា៖ ប្រទេសទាំងពីរគឺជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ (UN) ហើយពួកយើងមានទំនួលខុសត្រូវជាសកល ក្នុងការស្វែងរកចម្លើយចំពោះបញ្ហាប្រឈមធំៗ ជាពិសេសបញ្ហាប្រឈមនៃអាកាសធាតុ ជីវចម្រុះ និងអ្វីៗដែលអាចបន្ធូរបន្ថយភាពតានតឹងក្នុងពិភពលោក។
សូមជម្រាបដែរថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី៣ របស់បារាំង ស្របពេលបារាំងក៏ជាអ្នកនាំចូលផលិតផលដ៏ធំសម្រាប់ចិនផងដែរ ដូចជាស្រាទំពាំងបាយជូរ និងគ្រឿងសំអាងនានា ដូច្នេះបារាំង និងចិន តែងតែព្យាយាមរក្សាចំណងមិត្តភាពមួយនេះ ឲ្យនៅស្ថិតស្ថិរបានយូរ៕