សហព័ន្ធឧស្សាហកម្មថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកាកន្លងទៅថា ផលិតកម្មរថយន្តនៅក្នុងប្រទេស បានធ្លាក់ចុះ ៧,០២% នៅក្នុងខែតុលា បើធៀបទៅនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុន មកនៅត្រឹមចំនួន ១៥៨ ៧៣៤ គ្រឿង ដោយសារតែលក់ក្នុងស្រុកចុះខ្សោយខ្លាំង។
បើតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឱ្យដឹងទៀតថា ផលិតកម្មរថយន្តរបស់ប្រទេសថៃ នៅក្នុងខែតុលានៅតែបន្តធ្លាក់ចុះ បើធៀបទៅនឹងការធ្លាក់ចុះដល់ទៅ ៨,៤៥% នៅក្នុងខែកញ្ញា ។
ចំពោះការលក់រថយន្តនៅក្នុងស្រុក ក្នុងខែតុលា ក៏បានបង្ហាញពីការធ្លាក់ចុះដល់ ៨,៧៥% ផងដែរ បន្ទាប់ពីខែកញ្ញាបានធ្លាក់ចុះ ១៦,២៧% ដោយសារតែការផ្តល់ប្រាក់កម្ចីសម្រាប់ការទិញរថយន្តកាន់តែមានភាពតឹងរ៉ឹងខ្លាំង។ នេះបើតាមការឲ្យដឹងពីលោក Surapong Paisitpattanapong អ្នកនាំពាក្យផ្នែកឧស្សាហកម្មយានយន្តរបស់សហព័ន្ធឧស្សាហកម្មថៃ។
ជម្រាបជូនផងដែរថា ប្រទេសថៃគឺជាមូលដ្ឋានផលិតកម្ម និងនាំចេញរថយន្តធំបំផុតមួយក្នុងតំបន់ សម្រាប់ក្រុមហ៊ុនផលិតរថយន្តកំពូលៗមួយចំនួនរបស់ពិភពលោក រួមទាំង Toyota និង Honda ជាដើម៕