ឡាវដាក់គោលដៅទាក់ទាញភ្ញៀវទេសចរយ៉ាងហោចណាស់ ៤,៦ លាននាក់នៅឆ្នាំ ២០២៤

អន្តរជាតិ

ប្រទេសឡាវមានបំណងទាក់ទាញភ្ញៀវទេសចរអោយបានយ៉ាងតិចណាស់ ៤,៦ លាននាក់ និងធ្វើយ៉ាងណារកចំណូលឲ្យបានប្រហែល ៧០០ លានដុល្លារក្នុងអំឡុងឆ្នាំ ២០២៤ ខណៈដែលយុទ្ធនាការដំណើរទស្សនកិច្ចប្រទេសឡាវឆ្នាំ ២០២៤ បានចាប់ផ្តើមនៅក្នុងរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវកាលពីថ្ងៃសព្រហស្បតិ៍។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មានឡាវ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងមតិក្នុងពិធីបើកកម្មវិធី លោកនាយករដ្ឋមន្ត្រី Sonexay Siphandone បានមានប្រសាសន៍ថា រដ្ឋាភិបាលបានចាត់ទុកការទៅលេងប្រទេសឡាវជាព្រឹត្តិការណ៍ដ៏សំខាន់ និងមានអត្ថន័យ ជាពិសេសបន្ទាប់ពីឧស្សាហកម្មទេសចរណ៍ត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ១៩។

លោកបានបន្ថែមទៀតដែរថា យុទ្ធនាការទេសចរណ៍នេះត្រូវបានគេរំពឹងថា នឹងនាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបានដល់អ្នកដំណើរ ដូច្នេះយុទ្ធនាការនេះជាការលើកទឹកចិត្តដល់ពួកគេ ឱ្យមកលេងប្រទេសឡាវម្តងទៀតនាពេលអនាគត។

ថ្លែងក្នុងពិធីនេះដែរ រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ លោកស្រី Suanesavanh Vignaket ដែលជាអនុប្រធានគណៈកម្មាធិការជាតិទទួលបន្ទុកទេសចរណ៍ឡាវឆ្នាំ ២០២៤ ផងដែរនោះ បាននិយាយថា គោលដៅមួយទៀតនៃដំណើរទស្សនកិច្ចឡាវឆ្នាំ ២០២៤ គឺបង្កើតបរិយាកាសរស់រវើកសម្រាប់ការជំរុញសេដ្ឋកិច្ច ទាំងដោយផ្ទាល់ ទាំងដោយប្រយោល និងនៅគ្រប់វិស័យ។

ម្យ៉ាងវិញទៀត លោកស្រីបានលើកឡើងថា ដំណើរទស្សនកិច្ចប្រទេសឡាវឆ្នាំ ២០២៤ ក្រោមប្រធានបទ “ឋានសួគ៌នៃវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រឡាវ” នឹងមានព្រិត្តិការណ៍ចំនួន ៧៩ នៅទូទាំងប្រទេស។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលឡាវបានចាត់ទុកវិស័យទេសចរណ៍ ថាជាវិស័យជំរុញសេដ្ឋកិច្ចដែលមិនប៉ះពាល់ដល់បរិស្ថាន ថែមទាំងជាកាតាលីករ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយវាក៏ជាបណ្តាញដ៏សំខាន់ក្នុងការទាក់ទាញរូបិយប័ណ្ណបរទេស សម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចជាតិផងដែរ។

ដោយឡែក ស្ថិតិពីក្រសួងបានបង្ហាញថា ប្រទេសឡាវដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ បានបម្រើភ្ញៀវទេសចរបរទេសជាង ២,៤ លាននាក់ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ ២០២៣ នេះ កើនឡើង ២៨៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕