អ្នកឧកញ៉ា សុខ គង់ និមន្តព្រះធម្មវនវាសី ចន្ទ មុនី ជួយប្រោះព្រំនៅភូមិគ្រឹះ និងទតការដ្ឋានសាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ​​កាលពី​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ​​បាន​និមន្ត​ព្រះធម្មវន​វាសី ចន្ទ មុនី ជួយ​ប្រោះព្រំនៅភូមិគ្រឹះ​របស់​អ្នកឧកញ៉ា​ផ្ទាល់​ ​ហើយ​បន្ទាប់មក និមន្តទតការដ្ឋានសាង​សង់​ព្រះ​ពុទ្ធ​ប្បដិមា កម្ពស់១០៨ម៉ែត្រ លើភ្នំបូកគោ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ថ្ងៃ​ដដែល​នេះ​ដែរ ព្រះធម្មវនវាសី ចន្ទ មុនី បានប្រោះព្រំពុទ្ធបរិស័ទមកពីទីជិតឆ្ងាយយ៉ាងច្រើន​កុះករ ដែល​បាន​ឡើងមកជួបព្រះអង្គនៅលើភ្នំបូកគោ។ ជាមួយ​គ្នា​នោះ ព្រះអង្គមានសទ្ធាជ្រះថ្លាបានវេរបច្ច័យសរុបចំនួន ១៤,៥០០​ ដុល្លារអាមេរិក និង ៣​លានរៀល ដើម្បីចូលរួមកសាងព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ម៉ែត្រ។

សូម​ជម្រាប​ថា គម្រោង​សាងសង់ព្រះពុទ្ធប្បដិមាកម្ពស់ ១០៨ ម៉ែត្រ​​ នៅលើខ្នងភ្នំ​បូកគោ​ ស្ថិតនៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះមនុវង្ស «បូកគោ» ​ត្រូវ​បាន​បញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់​​ជា​ផ្លូវការ​ ក្រោម​អធិបតីភាព​ លោក​ ជា សុផារ៉ា កាលពី​ថ្ងៃទី​០៤ ខែមករា ឆ្នាំ២០២៣។ អ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុន សុខាអូតែល ធ្លាប់​បានបញ្ជាក់ថា ព្រះពុទ្ធបដិមានេះ នឹង​ចំណាយរយៈពេល​សាងសង់​​ ៤ឆ្នាំ និងចំណាយប្រាក់ចន្លោះពី ៣០លាន​ដុល្លារ ទៅ៤០​លាន​ដុល្លារ​អាមេរិក។

គោលបំណងនៃការសាងសង់រូបសំណាកព្រះពុទ្ធបដិមាដ៏ធំនេះ គឺ​ដើម្បីជា​ទីសក្ការៈដ៏ថ្លៃថ្លា​ឧត្តុងឧត្តម សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ និងដើម្បីឧទ្ទិសសុំសេចក្តីសុខ សេចក្តីចម្រើន​រុងរឿង និងសុខ​សន្តិភាពជានិច្ចនិរន្តរ៍ ដល់ប្រជាពលរដ្ឋយើងទាំងអស់នៅក្នុងតំបន់នេះ ក៏ដូចជានៅទូទាំង​ប្រទេស​កម្ពុជា។ ម្យ៉ាងវិញទៀត ព្រះពុទ្ធបដិមាដ៏ធំស្កឹមស្កៃនេះ ក៏នឹង​ជួយរួមចំណែកទ្រទ្រង់ ដល់វិស័យ​ព្រះពុទ្ធ​សាសនា និងការ​អភិវឌ្ឍទេសចរណ៍វប្បធម៌ ជាពិសេសទៀតនោះ នឹង​អាច​ទាក់ទាញ​​​ភ្ញៀវទេសចរជាតិ និង​អន្តរជាតិរាប់លាននាក់​ក្នុង​មួយឆ្នាំៗ មក​កាន់​តំបន់​​ភ្នំបូកគោ៕