ឧបនាយករដ្ឋមន្ត្រីថៃ លោក Phumtham Wechayachai បាននិយាយកាលពីថ្ងៃសុក្រកន្លងទៅថា ប្រទេសថៃ នឹងផ្តល់ជូនការលើកលែងទិដ្ឋាការរយ:ពេល ១០ឆ្នាំសម្រាប់អ្នកវិនិយោគក្នុងអាជីវកម្មគោលដៅ នៅក្នុងតំបន់ច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Phumtham បាននិយាយប្រាប់ទៅកាន់អ្នកយកព័ត៌មានថា ផែនការលើកលែងទិដ្ឋាការថ្មីនេះ រំពឹងចាប់ផ្តើមនៅដើមឆ្នាំក្រោយ ដោយសង្ឃឹមថាអាចនឹងជួយសម្រួលដល់អ្នកវិនិយោគ ខណ:ពេលដែលរដ្ឋាភិបាលបាននិងកំពុងស្វែងរកការបន្ធូរបន្ថយការរឹងបន្តឹង និងទាក់ទាញវិនិយោគិនពីបរទេស។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏កំពុងកំណត់គោលដៅខ្ពស់ លើការវិនិយោគជាក់ស្តែងសរុបចំនួន ៥០០ពាន់លានបាត (១៤,២៣ពាន់លានដុល្លារ) នៅក្នុងតំបន់ EEC ក្នុងចន្លោះពេល ឆ្នាំ ២០២៣ ដល់ ២០២៧ ឬប្រមាណ ១០០ពាន់លានបាតក្នុងមួយឆ្នាំ។
រដ្ឋាភិបាលថៃ បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុនបរទេសដែលមកវិនិយោគក្នុងឧស្សាហកម្មបែបទំនើប និងបរិស្ថាន អាចនាំយកបុគ្គលិក អ្នកឯកទេស នាយកប្រតិបត្តិ និងអ្នកជំនាញរបស់ខ្លួនមកបាន ដោយនឹងទទួលបានប័ណ្ណការងារក្នុងតំបន់ EEC ក៏ដូចជាការលើកលែងពន្ធលើប្រាក់ចំណូល ១៧% និងការលើកលែងទិដ្ឋាការរយៈពេល ១០ឆ្នាំ។
ជម្រាបជូនផងដែរថា EEC ដែលគ្របដណ្តប់នៅខេត្តចំនួនបីស្ថិតនៅភាគខាងកើតនៃទីក្រុងបាងកក គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក្នុងការជំរុញកំណើន និងលើកទឹកចិត្តដល់ការវិនិយោគ ជាពិសេសនៅក្នុងឧស្សាហកម្មបច្ចេកវិទ្យាកម្រិតខ្ពស់៕