កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧកញ៉ា ង៉ូវ លាងហួត អគ្គនាយកក្រុមហ៊ុន HGB Group បានសម្ពោធអគារតាំងបង្ហាញ (Showroom) រថយន្ត Mazda ដ៏ទំនើបថ្មីមួយទៀត នៅផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ពិធីបើកសម្ពោធអគារតាំងបង្ហាញរថយន្ត Mazda សាខាមានជ័យ ដ៏អស្ចារ្យ នាថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើឡើងក្រោមអធិបតីភាពលោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកអគ្គនាយកដ្ឋានពន្ធដារ និងលោកឧកញ៉ា ង៉ូវ លាងហួត ម្ចាស់ក្រុមហ៊ុន HGB Auto Co, Ltd ដែលទទួលបានសិទ្ធិលក់ចែកចាយផ្តាច់មុខរថយន្ត Mazda នៅព្រះរាជាណាចក្រកម្ពុជា។
គិតមកទល់បច្ចុប្បន្ន អគារតាំងបង្ហាញ (Showroom) រថយន្ត Mazda នៅកម្ពុជា មាន៣សាខាហើយគឺ ១)សាខាពោធិ៍ចិនតុង ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខរាជបណ្ឌិត្យសភាកម្ពុជា, ២)សាខាព្រះមុន្នីវង្ស ស្ថិតនៅលើផ្លូវ ៤៣២ កែងផ្លូវព្រះមុន្នីវង្ស និង ៣)សាខាមានជ័យ ស្ថិតនៅលើផ្លូវ៦០ម៉ែត្រ។ Showroom សាខាទី៣ ជាអគារតាំងបង្ហាញដ៏ធំជាងគេ សាងសង់ឡើងលើផ្ទៃដីប្រមាណ ៣៦០០ម៉ែត្រការ៉េ ជាមួយនឹងការឌីហ្សាញបែបធម្មជាតិទំនើបទាន់សម័យ មានកន្លែងក្មេងលេង រោងភាពយន្ត កន្លែងស្តាប់តន្ត្រី មានកៅអីអង្គុយម៉ាស្សា និងកន្លែងលក់វត្ថុអនុស្សាវរីយ៍ និងទីតាំងបង្ហាញរថយន្តនៅជាន់ក្រោម។
រថយន្ត Mazda បានឈរជើងនៅកម្ពុជារយៈពេល ១១ឆ្នាំមកហើយ និងត្រូវបានអតិថិជននៅកម្ពុជាជាច្រើន យល់ថាជារថយន្តមួយស្ថិតក្នុងចំណោមរថយន្តដែលមានគុណភាពខ្ពស់ និងមានប្រព័ន្ធបច្ចេកវិទ្យាទំនើបចុងក្រោយទាន់សម័យផងដែរ។
សូមជម្រាបថា ឧកញ៉ា ង៉ូវ លាងហួត ជាអ្នកជំនួញលេចធ្លោមួយរូបនៅកម្ពុជា និងជាម្ចាស់ក្រុមហ៊ុន HGB Group ដែលនាំចូលរថយន្តម៉ាកល្បីប្រណីតៗ និងថ្លៃៗបំផុតនៅលើពិភពលោក ចូលមកទីផ្សារប្រទេសកម្ពុជា។ រថយន្តប្រណីតៗដែលក្រុមហ៊ុន HGB Group នាំចូល និងលក់ចែកចាយនៅកម្ពុជា មានដូចជា៖ Rolls Royce, Bentley, Lamborghini, Aston Martin, McLaren, Maserati, Jeep, RAM, BMW, Volvo, Volkswagen, Kia, Harley-Davidson និង Mazda៕