សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា​ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ

កម្សាន្ត

នៅមុខ​ព្រះ​បរម​រាជ​វាំង ក្នុង​រាជធានី​ភ្នំពេញ គេ​ឃើញ​មាន​មនុស្ស​ជា​ច្រើន​ចូល​រួម និង​ទស្សនា​ការ​ប្រណាំង​ទូក​ ហើយ​សំឡេង​ស្រែក​អ៊ូអរ​ក៏​បាន​លេចឡើង​ចេញ​ទូកកំពុងប្រណាំង​ដែល​អម​ដោយកាយ​វិការ​របស់​កីឡករ​តាម​ទូក​នីមួយៗ​ដែល​កំពុង​អុំ​យ៉ាង​ញាប់​ដៃ​លើ​ដង​ទន្លេ​ចតុមុខ​ ក្រោយ​អាក់​ខាន​ប្រារព្ធ​ពិធី​បុណ្យ​ប្រពៃ​ណី​ជាតិ​មួយ​នេះ​អស់​រយៈ​ពេល​បីឆ្នាំ​ ដោយ​សារ​ផល​វិបាកផ្សេងៗ​ដែល​បណ្តាល​មកពី​ការឆ្លង​រាត​ត្បាត​ជំងឺកូវីដ​១៩​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក​​ បណ្តែតប្រទីប​ និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន​ ជាមួយសុខសុវត្ថិភាព​ និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ​ ក៏ដូចជាភ្ញៀវបរទេស ជាពិសេស ចំណុះទូកងរបស់ជនជាតិអាឡឺម៉ង់ មកពីខេត្តកណ្តាល​ ក៏បានផ្តល់ភាពទាក់ទាញ និងចំណាប់អារម្មណ៍ពីសំណាក់មហាជន ផងដែរ។

ក្នុងបណ្តាញសង្គមតេឡេក្រាមផ្លូវការសម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា​ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ​ ជាមួយស្នាមញញឹមរបស់ប្រជាជនខ្មែរ​ សុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារៈ ​ ផ្តល់ជាសេចក្តីសុខផ្នែកផ្លូវចិត្តដល់អ្នកទេសចរណ៍ ក្នុងការធ្វេីដំណេីរ​ និងទស្សនាកំសាន្តដោយភាពជឿជាក់បំផុត។

នាថ្ងៃទីបី​ នៃព្រះរាជពិធីបុណ្យជាតិដ៏ធំនេះ ក៏សង្កេតឃើញមានកំណើតភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិយ៉ាងច្រើនកុះកុរមកទស្សនាការប្រណាំងទូកតាមដងទន្លេនៅមុខព្រះបរមរាជវាំង។ ជាមួយគ្នានេះ ក៏មានការតាំងពិព័រណ៍ស្តង់ទំនិញជាច្រើនតាតាមទីតាំងនីមួយៗក្នុងរាជធានីភ្នំពេញ ព្រមទាំងការប្រគំតន្ត្រីតាមទម្រង់សិល្បៈបុរាណ និងសម័យដែលមានប្រគំជូននៅតាមទីតាំងសប្បាយភាពនានា ដែលថ្ងៃនេះជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣នេះ៕