ការជ្រើសរើសមន្ត្រីកសិកម្មឃុំចំនួន២៥០នាក់កំពុងដំណើរការ ខណៈរាជរដ្ឋាភិបាលចង់បានមន្ត្រីពោពេញដោយមានសមត្ថភាព

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ដំណើរការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ឃុំចំនួន២៥០នាក់ សម្រាប់ឆ្នំា២០២៣បាននឹងកំពុងដំណើរការ បន្ទាប់ពីគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ បានប្រកាសបើកទទួលពាក្យជាផ្លូវការកាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នំា២០២៣កន្លងទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អន្តរក្រសួងនៅថ្ងៃទី២៩ ខែវិច្ឆិកានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទាក់ទងនឹងការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំសម្រាប់ឆ្នំា២០២៣នេះ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រៀមធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី៤ ខែធ្នូ ឆ្នំា២០២៣ស្ថិតនៅទីតំាងសាលាភូមិន្ទរដ្ឋបាលវេលាម៉ោង៣រសៀលក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្ម ឃុំឆ្នំា២០២៣ និងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។

ពាក់ព័ន្ធនឹងការជ្រើសរើសមន្ត្រីកសិកម្មខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីមានប្រសាសន៍លើកឡើងនៅក្នុងកម្មវិធី ដាក់ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អនុវត្តគោលនយោបាយអាទិភាពទី៥និងទី៦ កាលពីថ្ងៃទី២០វិច្ឆិកាថា ចំពោះការជ្រើសរើសមន្ត្រីឃុំសង្កាត់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងមុខងារសាធារណៈនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុត្រូវសហការគ្នារៀបចំការប្រឡងប្រជែង ដែលធានាបានទំាងតម្លាភាព សមត្ថភាពនិងគុណភាព ហើយការជ្រើសរើសត្រូវបើកឱ្យទូលាយដល់បេក្ខជនដែលមានចំណេះដឹងនិងជំនាញវិជ្ជាជីវៈកសិកម្មសមស្រប និងមានសមត្ថភាពបំពេញការងារនៅតាមមូលដ្ឋានបានយ៉ាងល្អប្រសើរ។

សម្តេចធិបតី បន្តទៀតថា រាជរដ្ឋាភិបាលចំណាយថវិកាផ្តល់ឱ្យដល់បងប្អូនដែលមានឆន្ទៈជួយដល់ប្រជាកសិករ ដើម្បីដោះស្រាយដែលកសិករចង់បាន ដើម្បីយើងពង្រឹងវិស័យកសិកម្មប្រកួតប្រជែងឱ្យប្រទេសកម្ពុជាមានការរីកចម្រើន អីចឹងលុយយើងមានអត់ច្រើនទេ បើយើងមិនអាចជ្រើសរើស តែយើងជ្រើសរើសតែ២៥០នាក់ តែសូមឱ្យមន្ត្រីកសិកម្ម២៥០នាក់នេះ ប្រកបដោយគុណភាពនៃបរិមាណ មួយដឹងមួយ កុំឱ្យមន្ត្រី១០នាក់ប្រើប្រាស់បានតែ១នាក់។

សម្តេចធិបតី សង្កត់ធ្ងន់ថា «បងប្អូនដែលបានដាក់ពាក្យប្រឡងចូលធ្វើជាមន្ត្រីកសិកម្មនៅតាមឃុំសង្កាត់ទំាងអស់ នៅពេលប្រឡងជាប់ហើយ សុំបំពេញភារកិច្ចដោយបេះដូង ដើម្បីជួយដល់កសិករ។ យើងយកក្របខណ្ឌ មិនមែនដើម្បីបានប្រាក់ខែទេ តែយើងយកដើម្បីបានធ្វើបុណ្យជាមួយប្រជាពលរដ្ឋ ជាមួយប្រទេសជាតិយើង តាមរយៈការប្រឹងប្រែងយកជំនាញ នឹងជួយដល់កសិករនិងកសិកម្មរបស់យើង»៕

អត្ថបទ៖ សារេត