គម្រោងវារីអគ្គិសនីតាតៃលើ ដែលមានអានុភាព១៥០មេហ្កាវ៉ាត់ វិនិយោគក្នុងទំហំទឹកប្រាក់ជាង ៣៨៩ លានដុល្លារអាម៉េរិកស្ថិតនៅស្រុកថ្មបាំងខេត្តកោះកុង បានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការនៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៣ នេះ ក្រោមអធិបតីសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។
នាឱកាសនោះ សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ការកសាងទំនប់វារីអគ្គិសនីស្ទឹងតាតៃលើនេះផងដែរ គឺជាអាទិភាពគន្លឹះទី៤ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។
សម្តេចធិបតីបន្តថា វិស័យថាមពល គឺជាកិច្ចការអាទិភាពទី២ នៃកិច្ចការអាទិភាពទាំង៥ នៅក្នុងបញ្ចកោណទី២ ដែលមានគោលដៅយុទ្ធសាស្រ្តផ្ដោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ និង បុរេលក្ខខណ្ឌគន្លឹះៗ សម្រាប់បង្កើនផលិតភាព, លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញពិពិធកម្ម តាមរយៈ ការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, និងការកសាង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ។
សូមរម្លឹកដែរថា គម្រោងវារីអគ្គិសនីតាតៃលើ ត្រូវបានគណៈរដ្ឋមន្ត្រីកម្ពុជាអនុម័តកាលពីជាង៣ឆ្នាំមុន។ កាលនោះ គម្រោងខាងលើត្រូវបានអនុម័តដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា អំឡុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាខែតុលាឆ្នាំ២០២០។
គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើ គឺជាគម្រោងមួយដែលមានសក្តានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២ គឺ ស្ទឹងកែបនិងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទូណែលបង្ហូរទឹកក្រោមដី។ ប្រភពទឹក ដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពលដែលមាន អានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ ទូណែលបង្ហូរទឹកក្រោមដី។
ក្រុមហ៊ុនចិន China National Heavy Machinery Corporation នឹងជាអ្នកទទួលខុសត្រូវសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ក្រោមរូបភាពជាគម្រោងវិនិយោគ សាងសង់-ដំណើរការ-ផ្ទេរ ឬ BOT ក្នុងទំហំវិនិយោគសរុបចំនួនជាង៣៨៥លានដុល្លារ។ គម្រោងនេះផ្តល់សម្បទានរយៈពេល ៣៩ឆ្នាំក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង ៣៥ឆ្នាំ សម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេន ក្នុង១គីឡូវ៉ាត់ម៉ោង៕ អត្ថបទ៖ រង្សី