ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ Mercedes-Benz បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន BMW ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា លើប្រតិបត្តិការបណ្តាញសាកថាមពលកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យ៉ាងហោចណាស់ស្ថានីយ៍សាកថាមពលកម្រិតខ្ពស់ចំនួនន ១ពាន់ ដែលមានទូម៉ាស៊ីនសាកថ្មប្រហែល ៧ពាន់នៅក្នុងប្រទេសចិន ត្រូវបានគេរំពឹងថានឹងដំឡើងនៅចុងឆ្នាំ ២០២៦ ខណៈក្រុមហ៊ុនបានបន្ថែមថា កិច្ចព្រមព្រៀងនេះគឺស្ថិតនៅក្រោមការយល់ព្រមពីបទប្បញ្ញត្តិ។
ម្យ៉ាងវិញទៀត ស្ថានីយ៍ដំបូងគេគឺគ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ នៅក្នុងតំបន់ដែលសម្បូរទៅដោយការលក់រថយន្តអគ្គិសនី។
ដោយឡែក ក្រុមហ៊ុន Mercedez-Benz ក៏បានប្រកាសកាលពីដើមឆ្នាំថា ខ្លួននឹងវិនិយោគរាប់ពាន់លានអឺរ៉ូ ដើម្បីបង្កើតបណ្តាញសាកថ្មល្បឿនលឿនផ្ទាល់ខ្លួនចំនួន ១ម៉ឺនស្ថានីយ នៅអាមេរិកខាងជើង អឺរ៉ុប និងចិននៅឆ្នាំ ២០៣០ ៕