អ្នកឧកញ៉ា លាង ម៉េង ត្រៀមធ្វើជាខ្សែប្រយុទ្ធក្រុមផ្ការីកគ្រប់រដូវ ប្រកួតជាមួយ ស.ស.យ.ក ខេត្តព្រៃវែង

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​​ត្រៀម​ធ្វើ​ជា​ខ្សែ​ប្រយុទ្ធ​ជួរមុខ​របស់​ក្រុម​ផ្ការីក​គ្រប់រដូវ ​ដើម្បី​ប្រកួត​​បាល់ទាត់​មិត្តភាព​ជាមួយ​ក្រុម ស.ស.យ.ក ខេត្តព្រៃវែង នៅ​កីឡដ្ឋាន​ខេត្ត​ព្រៃវែង នា​រសៀល​ថ្ងៃ​សុក្រ ទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​មិត្តភាព​សប្បុរសធម៌​​​នេះ ​​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ថវិកា​ជួយ​ដល់​មណ្ឌលកុមារកំព្រា​ខេត្តព្រៃវែង និង​ចូល​រួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើកទី៤៥ ទិវា​កំណើត​រណសិរ្ស​សាមគ្គី​អភិវឌ្ឍន៍​ជាតិ​មាតុភូមិកម្ពុជា និង​ថ្ងៃ​កំណើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (ស.ស.យ.ក)។

កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​នេះ ​បាន​បែង​ចែក​ជា​២​វគ្គគឺ វគ្គទី១ ការ​ប្រកួត​រវាង U12 ខេត្ត​ព្រៃវែង ទល់​នឹង​ U12 ផ្ការីក​គ្រប់​រដូវ និង​វគ្គទី២ ការ​ប្រកួត​រវាង ថ្នាក់ដឹកនាំ​ខេត្ត​ព្រៃវែង ទល់​នឹង​​ក្រុម​ផ្ការីក​គ្រប់​រដូវ។ ជាមួយ​គ្នា​នេះ ថ្នាក់ដឹកនាំ​ជា​ច្រើន​រូប ​​​​ក៏​នឹង​អញ្ជើញ​ចូល​រួម​​ផង​ដែរ ក្នុងនោះរួមមាន ​ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា, ឯកឧត្តម​តំណាងរាស្រ្តខេត្តព្រៃវែង, អភិបាលខេត្តព្រៃវែង, លោកស្នងការខេត្តព្រៃវែង, រដ្ឋលេខាធិការ, ប្រធាន ស.ស.យ.ក ខេត្តព្រៃវែង និង​អ្នកឧកញ៉ា លាង ម៉េង ដែល​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​ភេសជ្ជៈប៉ូវកម្លាំង Wurkz។

នេះគឺជាលើកទី៤ហើយ ដែលក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស សហការឧបត្ថម្ភទឹកប្រាក់ ១ម៉ឺនដុល្លារ បន្ថែមទៀត ដល់​ក្រុមកីឡាបាល់ទាត់ ផ្ការីកគ្រប់រដូវ ដើម្បីជូនដល់មណ្ឌលកុមារកំព្រាខេត្តព្រៃវែង ខណៈដែលកាលពីលើកទីមួយ ក្រុមហ៊ុនផលិតភេសជ្ជៈ ខ្មែរ ប៊ែវើរីជីស ក៏បានរៀបចំការប្រកួតនៅខេត្តបាត់ដំបង ដោយថែមទាំងបានយក Helicopter និងឡានទំនើប Rolls-Royce ២គ្រឿង ដឹកកីឡាករទៅចូលរួមប្រកួត ដើម្បីប្រមូលមូលិធិទៅបរិច្ចាគ​ដល់មន្ទីរពេទ្យគុន្ធបុប្ផា។

លើកទី២ ខ្មែរ ប៊ែវើរីជីស បានរៀបចំការប្រកួតបាល់ទាត់ នៅខេត្តកំពង់ស្ពឺ ដើម្បីប្រមូលមូលនិធីជូនមន្ទីរពេទ្យ​គន្ធបុប្ផា និងបានឧបត្ថម្ភបន្ថែមទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ ចូលទៅកាន់មូលនិធិគន្ធបុប្ផា។ ឯលើកទី៣ គឺបានផ្ដួចផ្ដើម ការប្រកួតនៅភ្នំពេញ ដើម្បីប្រមូលថវិការជូនអតីតកីឡាករបាល់ទាត់ជម្រើសជាតិ ហួត សុគន្ធា ដែលកំពុងតស៊ូប្រយុទ្ធជាមួយនឹងជំងឺ ហើយ ខ្មែរ ប៊ែវើរីជីស ប្រកាសឧបត្ថម្ភថវិកាបន្ថែម ៨៨៨៨ដុល្លារ។

សូម​ជម្រាប​ជូន​ថា អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស គឺជាសហគ្រិនខ្មែរមួយរូប ដែល​​តែងតែ​ចូលរួម​ក្នុង​សកម្មភាព​សង្គម និង​កិច្ចការងារ​សប្បុរសធម៌ តាម​រយៈ​ការ​បរិច្ចាគ​នូវ​​កម្លាំង​កាយ​ចិត្ត និង​ធនធាន​ផ្ទាល់ខ្លួន។​ ជាពិសេស​ អ្នកឧកញ៉ា​ តែង​​លើកស្ទួយវិស័យ​កីឡា​នៅ​កម្ពុជា ដោយ​កន្លងមក អ្នកឧកញ៉ា បានចូលរួមឧបត្ថម្ភគាំទ្រលើផ្នែកថវិកាយ៉ាងពេញទំហឹង ដើម្បីបង្កើត​ឡើង​នូវ​ព្រឹត្តិការណ៍​​កីឡា​ផ្សេងៗ​ ទាំង​កីឡា​ប្រដាល់​គុនខ្មែរ កីឡាបាល់ទាត់ និង​កីឡា​បាល់ទះ ផង​ដែរ៕