Amru Rice Cambodia គ្រោងសាកល្បងនាំចេញអង្ករទៅកាន់ភោជនីយដ្ឋាន៣៩នៅស៊ុយអែត

សង្គម​ និង​សេដ្ឋកិច្ច

បើមិនមានការប្រែប្រួលណាមួយនោះទេ ក្រុមហ៊ុន Amru Rice Cambodia និងធ្វើការនាំចេញអង្ករសាកល្បងរបស់ខ្លួនចំនួនប្រមាណ២៣តោន ទៅកាន់ភោជនីយដ្ឋានចំនួន៣៩កន្លែងនៅក្នុងប្រទេសស៊ុយអែត ក្នុងខែធ្នូ ឆ្នាំ២០២៣នេះហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodiaបានឱ្យដឹងថ្មីៗនេះ ខ្ញុំមានការពិភាក្សាដ៏ល្អជាមួយសហស្ថាបនិក និងសហគ្រិនខ្សែសង្វាក់ភោជនីយដ្ឋាន លោក Jimmy។ លោកមានចំណាប់អារម្មណ៍ចង់ប្រើប្រាស់អង្ករផ្ការំដួលកម្ពុជាពិសេសសម្រាប់ភោជនីយដ្ឋានទាំង ៣៩ នៅប្រទេសស៊ុយអែត។

ទាក់ទងនឹងការចាប់អារម្មណ៍របស់សហគ្រិនស៊ុយអែតលើអង្ករកម្ពុជានេះ ឧកញ៉ា សុង សារ៉ន មានប្រសាសន៍ថា «នៅប្រទេសស៊ុយអែតគេនិយមប្រើអង្ករ Japonica ដែលជាអង្ករគ្រាប់ខ្លី និងអង្ករក្រអូបដែលគេធ្វើការប្រើប្រាស់ នៅក្នុងភោជនីយដ្ឋានរបស់គាត់។​ គាត់ជាសហគ្រិន ដែលមានតម្រូវការអង្ករ ហើយយើងចង់ណែនាំអង្កររបស់យើងទៅគាត់ធ្វើការសាកល្បង ហើយតាមការគ្រោងទុកប្រហែលជាយើងបញ្ជូន១កុងតេន័រសាកល្បងដំាជាមុនសិន»។

បើតាមអគ្គនាយកក្រុមហ៊ុន Amru Rice Cambodia «ការនាំចេញអង្ករទៅកាន់ភោជនីយដ្ឋាននៅ ស៊ុយអែតខាងលើនេះ នឹងចាប់ផ្តើមនៅក្នុងខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះជាមួយនិងបរិមាណអង្ករប្រមាណ២៣តោន»។

ទាក់ទងនឹងការធ្វើអាជីវកម្មក្នុងវិស័យស្រូវអង្ករ សម្រាប់ឆ្នាំ២០២៣នេះក្រុមហ៊ុន Amru Rice Cambodia បន្តរក្សាបានការនាំចេញអង្ករមានកំណើនល្អ បច្ចុប្បន្នក្រុមហ៊ុនមានទីផ្សារនៅក្នុងដៃនៅខាងក្រៅប្រទេសមានប្រមាណ៣០កន្លែង ក្នុងនោះមាននៅខាងសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ហុងកុង សិង្ហបូរី អូស្ត្រាលី និងចិន ហើយការនាំចេញកន្លងមកភាគច្រើនក្រុមហ៊ុនខ្ជាប់ប្រេនឱ្យគេ។ តែថ្មីៗនេះក្រុមហ៊ុនព្យាយាមធ្វើប្រេនខ្លួនឯង ដូចនេះចាប់ពីឆ្នាំ២០២៤តទៅ ដើម្បីឱ្យមានកំណើនប្រកបដោយនិរន្តរភាព ក្រុមហ៊ុនត្រូវខ្ជាប់អង្ករជាមួយម៉ាកសញ្ញា និងឈ្មោះរបស់ខ្លួននាំចេញពីកម្ពុជាទៅដោយខ្លួនឯង។

បច្ចុប្បន្ននេះ ក្រុមហ៊ុនមានដៃគូផ្គត់ផ្គង់ស្រូវសរីរាង្គនៅក្នុងស្រុក ជាង៦០សហគមន៍នៅទូទំាងប្រទេសកម្ពុជា ហើយនៅក្នុងខេត្តព្រះវិហារជាកន្លែងផ្គត់ផ្គង់ស្រូវធំសម្រាប់ Amru Rice មានជាង៣០សហគមន៍។ សហគមន៍ជាង៦០នេះ បានផ្គត់ផ្គង់ស្រូវជូនក្រុមហ៊ុន ចន្លោះពី២ម៉ឺន ទៅ២ម៉ឺន៥ពាន់តោននៅក្នុងមួយឆ្នាំៗ ហើយតាមរយៈការវាយតម្លៃឯករាជកសិករដែលផលិតស្រូវផ្គត់ផ្គង់ដល់ក្រុមហ៊ុន អាចមានតម្លៃបន្ថែម៧០ដុល្លារអាមេរិកក្នុងមួយតោនដែលទទួលបានពីទីផ្សារក្នុងពេលសព្វថ្ងៃនេះ៕ អត្ថបទ៖ សារេត