របាយការណ៍ចុងក្រោយបង្អស់ពីគេហទំព័រ UBS Billionaires Ambitions Report សម្រាប់ឆ្នាំ២០២៣ បានបង្ហាញថា ចំនួនមហាសេដ្ឋីពិភពលោកមានការកើនឡើង ៧% សរុប ២ ៥៤៤នាក់ ខណៈទ្រព្យសម្បត្តិសរុបរបស់ពួកគេកើនរហូតដល់ ១២ទ្រីលានដុល្លារឯណោះ។
ជាមួយគ្នា ប្រទេសឥណ្ឌាក៏សម្លឹងឃើញការកើនឡើងនៃចំនួនមហាសេដ្ឋីរហូតដល់ ១៩រូបផងដែរ ប៉ុន្តែទ្រព្យសម្បត្តិសរុបរបស់ពួកគេ បែរជាមានការធ្លាក់ចុះប្រហែល ១១% ពី ៧១៥ពាន់លានដុល្លារ មកនៅត្រម ៦៣៧,១ពាន់លានដុល្លារប៉ុណ្ណោះ។
ដោយឡែក សម្រាប់ការកើនឡើងនៃទ្រព្យសម្បត្តិរបស់មហាសេដ្ឋីសកលលោក គឺបណ្ដាលមកពីការផ្ទេរទ្រព្យសម្បត្តិនៃក្រុមគ្រួសារមហាសេដ្ឋី ជាជាងការខិតខំប្រឹងប្រែងរកចំណូលដោយខ្លួនឯង ពោលសរុបទ្រព្យសម្បត្តិមហាសេដ្ឋីទទួលបានមរតកស្រាប់ មានប្រមាណ ១៥០,៨ពាន់លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់មហាសេដ្ឋីរកស៊ីដោយខ្លួនឯងមានត្រឹម ១៤០,៧ពាន់លានដុល្លារប៉ុណ្ណោះ៕