យោងតាមការស្រាវជ្រាវពីគេហទំព័រ UBS បានបង្ហាញថា ទំហំទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋី ដែលទទួលបានមរតកពីគ្រួសារ គឺមានច្រើនលើសលុបនាឆ្នាំនេះ ខណៈបច្ចុប្បន្នក្រុមមហាសេដ្ឋីជាច្រើន ក៏កំពុងបន្តរៀបផែនការផ្ទេរទ្រព្យសម្បត្តិដល់អ្នកជំនាន់ក្រោយរាប់ពាន់លានដុល្លារថែមទៀត។
ប្រភពខាងលើអះអាងថា ក្នុងរយៈពេល ២០ឆ្នាំខាងមុខ មហាសេដ្ឋីច្រើនជាង ១ ០០០នាក់ នឹងផ្ទេរមរតកទៅកាន់អ្នកតជំនាន់រៀងៗខ្លួន រហូតដល់ ៥,២ទ្រីលានដុល្លារឯណោះ ខណៈបច្ចុប្បន្នផែនការមួយនេះ កំពុងចាប់ផ្ដើមសន្សឹមៗហើយ។
គួររំលឹកបន្តិចថា គិតត្រឹមដើមខែធ្នូនេះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីពិភពលោកប្រមាណ ២ ៥៤៤រូប មានរហូតដល់ ១២ទ្រីលានដុល្លារ ប៉ុន្តែចំនួននេះគឺមានទាបជាង ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីពិភពលោកកាលពីឆ្នាំ២០២១ ដែលមានរហូតដល់ ១៣,៤ទ្រីលានដុល្លារ។
ជម្រាបបន្ថែមថា នេះក៏ជាលើកដំបូងផងដែរ ដែលទំហំទ្រព្យសម្បត្តិរបស់ក្រុមអ្នកមាននៅអឺរ៉ុប មានការងើបឡើងលឿនជាងគេ ដោយសារតម្រូវការសម្ភារៈនិយម កំពុងត្រូវប៉ាន់វិញ ក្រោយខកខានច្រើនឆ្នាំ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ ១៩៕