ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានសុំឲ្យប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីសុំឲ្យកងកម្លាំងប៉ាឡេស្ទីន ដោះលែងចំណាប់ខ្មាំង ជាជនជាតិអ៊ីស្រាអែលវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។
លោក Herzog បានធ្វើការអំពាវនាវបែបនេះ អំឡុងពេលចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតីអារ៉ាប់រួម នៅទីក្រុងឌូបៃ សម្រាប់កិច្ចប្រជុំស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុ COP28។
“ប្រធានាធិបតី បានសំណូមពរឲ្យមិត្តសម្លាញ់របស់លោក Sheikh Mohamed bin Zayed Al Nahyan ប្រើប្រាស់នូវអំណាចរបស់លោក ដើម្បីអំពាវនាវ និងពន្លឿនការដោះលែងចំណាប់ខ្មាំង មកប្រទេសកំណើតវិញ”។ នេះបើតាមលិខិតចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៊ីស្រាអែល។
សូមជម្រាបដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស បានផ្ទុះកាលពីថ្ងៃទី០៧ ខែតុលា ហើយមកទល់ពេលនេះអ៊ីស្រាអែលអះអាងថា ប៉ាឡេស្ទីនមានចំណាប់ខ្មាំងប្រមាណ ២៤០នាក់ ខណៈពួកគេក៏មានចំណាប់ខ្មាំង ២១០នាក់ផងដែរ ដើម្បីត្រៀមធ្វើការដោះដូរចំណាប់ខ្មាំងនាពេលខាងមុខ៕