ប្រទេសកៀហ្ស៊ីស៊ីស្ថាន កែសម្រួលរូបរាងទង់ជាតិ ក្រោយរងមតិរិះគន់ 

អន្តរជាតិ

សភារបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានបានបោះឆ្នោតកាលពីថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ដើម្បីកែសម្រួលការរចនាទង់ជាតិ បន្ទាប់ពីអ្នករិះគន់មួយចំនួន រួមទាំងប្រធានាធិបតី Sadyr Japarov ផងដែរនោះ បាននិយាយថារូបសញ្ញានៅចំកណ្តាលទង់ជាតិ មើលទៅដូចជាផ្កាឈូករ័ត្ន្។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មូលហេតុនៃការផ្លាស់ប្តូរ ក៏ដោយសារតែកាំរស្មីរបស់ទង់ជាតិមានរូបរាងស្រដៀងដូចទៅនឹងផ្កាឈូកជាជាងព្រះអាទិត្យ។ ផ្កាឈូកនៅក្នុងវប្បធម៌ Kyrgyz មានអត្ថន័យប្លែកខុសពីគេ ដោយសារវាត្រូវបានគេប្រើដើម្បីពិពណ៌នាអំពីមនុស្សល្ងីល្ងើ និងភាពជាអ្នកបម្រើ។ 

ហេតុនេះហើយ សភារបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន បានអនុម័តកាលពីថ្ងៃពុធ ផ្លាស់ប្តូរកាំរស្មីដែលមានរាងអង្កាញ់តិចៗនោះ ទៅជាកាំរស្មីដែលមានពន្លឺត្រង់វិញ ដើម្បីកុំអោយមានការភាន់ច្រឡំជារូបរាងផ្កាឈូករ័ត្នតទៅទៀត។ 

ជម្រាបដែរថា ទង់ជាតិនៅប្រទេសអាស៊ីកណ្តាលមួយនេះ ត្រូវបានអនុម័តក្នុងឆ្នាំ ១៩៩២ បន្ទាប់ពីប្រទេសបានទទួលឯករាជ្យពីសហភាពសូវៀត។ ហើយដើមឡើយទង់ជាតិនៃប្រទេសកៀហ្ស៊ីស៊ីស្ថាន មានសណ្ឋនពណ៌ក្រហម ខណៈផ្ទៃខាងក្នុងមានរូបព្រះអាទិត្យពណ៌លឿង និងមានកាំរស្មីរាងអង្កាញ់ៗចំនួន ៤០ នៅព័ទ្ធជុំវិញផ្ទៃខាងក្រោយព្រះអាទិត្យ៕