ការនាំចេញរបស់ប្រទេសកូរ៉េខាងត្បូង បានកើនឡើងលើសពីការរំពឹងទុក គិតនៅក្នុងខែវិច្ឆិកា ស្របពេលការលក់បន្ទះឈីបទៅក្រៅប្រទេស ក៏បានកើនឡើងជាលើកដំបូងផងដែរ ក្នុងរយ:ពេល ១៦ខែចុងក្រោយមកនេះ ខណ:ពេលដែលតម្រូវការសកលកំពុងមានការកើនឡើង។ នេះតាមការចុះផ្សាយពីសារព័ត៌មាន CNA។
ការនាំចេញរបស់ប្រទេសដែលមានទំហំសេដ្ឋកិច្ចធំជាងគេទី៤ របស់អាស៊ីមួយនេះ បានកើនឡើងដល់ ៧,៨% នៅក្នុងខែវិច្ឆិកា ដល់ចំនួន ៥៥,៨ពាន់លានដុល្លារអាមេរិក បើធៀបទៅនឹងការកើនឡើង ៥,១% កាលពីខែតុលា។
ទន្ទឹមនឹងនេះ ការនាំចេញបន្ទះឈីប semiconductor របស់កូរ៉េខាងត្បូងក៏បានកើនឡើងដល់ ១២,៩% ផងដែរ បន្ទាប់ពីបានធ្លាក់ចុះអស់រយ:ពេលជាងមួយឆ្នាំកន្លងមកនេះ នៅពេលដែលតម្រូវការសកលត្រូវបានគេមើលឃើញថាកំពុងមានការកើនឡើងជាថ្មី។
លោក Lee Da Eun សេដ្ឋវិទូប្រចាំនៅក្រុមហ៊ុន Daishin Securities បាននិយាយថា ៖”ការនាំចេញរបស់កូរ៉េខាងត្បូងប្រាកដជាស្ទុះងើបឡើងវិញ ដោយសារតែការងើបឡើងវិញនៃតម្រូវការបន្ទះឈីបជាសកល។ ហើយចំពោះការលក់រថយន្តក៏មានកំណើនខ្លាំងផងដែរ ដូច្នេះយើងរំពឹងថាការនាំចេញទាំងមូលនឹងអាចប្រកាសពីកំណើនដល់ ៨%នៅឆ្នាំក្រោយ” ។
ចំពោះការនាំចេញទំនិញរបស់កូរ៉េខាងត្បូង ទៅកាន់សហរដ្ឋអាមេរិក បានកើនឡើង ២៤,៧% ដោយបានបង្កើតកំណត់ត្រាកើនឡើងរយៈពេលបួនខែជាប់ៗគ្នា ប៉ុន្តែសម្រាប់ការនាំចេញទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ខ្លួនវិញ បានធ្លាក់ចុះ ០,២%។
ជម្រាបជូនផងដែរថា ការនាំចេញទំនិញសំខាន់ៗចំនួន ១២ ប្រភេទ ក្នុងចំណោមមុខទំនិញសរុបចំនួន ១៥ របស់កូរ៉េខាងត្បូង កើនឡើងខ្ពស់ក្នុងខែវិច្ឆិកា រួមទាំងការកើនឡើង ៣៨,៥% សម្រាប់ការនាំចេញតាមកប៉ាល់ នៅពេលដែលការនាំចេញតាមរថយន្តបានកើនឡើង ២១,៥% ៕