ជប៉ុន បេ្តជ្ញាបញ្ឈប់ការសាងសង់រោងចក្រថាមពលថ្មីៗដែលដើរដោយធ្យូងថ្ម

អន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន លោក​ Fumio Kishida បានធ្វើការប្តេជ្ញាថានឹងបញ្ឈប់ការសាងសង់រោងចក្រថាមពលថ្មីៗ ដែលដើរដោយធ្យូងថ្ម ដើម្បីអាចឈានដល់គោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័នកាបូន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រកាសរបស់លោក​ Kishida បែបនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP 28 របស់អង្គការសហប្រជាជាតិនៅទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម ខណ:ពេលដែលជប៉ុន ដែលជាប្រទេសពឹងផ្នែកខ្លាំងលើការនាំចូលធ្យូងថ្ម ក៏ដូចជាឥន្ធន:ហ្វូស៊ីលផ្សេងទៀត បានបង្ហាញពីគោលដៅរបស់ខ្លួន ក្នុងការក្លាយជាប្រទេសអព្យាក្រឹតកាបូននៅត្រឹមឆ្នាំ ២០៥០។

លោក Kishida បាននិយាយទៀតថា ៖ “ស្របតាមផ្លូវឆ្ពោះទៅរកការបំភាយកាបូនត្រឹមកម្រិតសូន្យ ប្រទេសជប៉ុននឹងបញ្ចប់ការសាងសង់ថ្មីនៃរោងចក្រថាមពលដើរដោយធ្យូងថ្ម ដែលមិនទាន់បានដំណើរការក្នុងស្រុក ខណៈពេលដែលវាអាចធានាបាននូវការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាពខ្ពស់” ។

លោក Kishida បានបន្ថែមទៀតថា ប្រទេសជប៉ុនបានកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ចំនួន ២០% រួចមកហើយ និងកំពុងធ្វើដំណើរការឆ្ពោះទៅរកគោលដៅនៃការកាត់បន្ថយឲ្យបានដល់ ៤៦% នៅឆ្នាំ ២០៣០ ។

ជម្រាបជូនផងដែរថា បន្ទាប់ពីគ្រោះ​មហន្តរាយ​រលកយក្សស៊ូណាមិបណ្តាលឲ្យប៉ះពាល់ដល់រោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ក្នុងខែមីនាឆ្នាំ ២០១១ ប្រទេសជប៉ុនបានបញ្ឈប់ការប្រើប្រាស់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរទាំងអស់របស់ខ្លួន ដូច្នេះហើយទើបធ្វើឲ្យប្រទេសនេះពឹងផ្អែកយ៉ាងខ្លាំងលើឥន្ធនៈហ្វូស៊ីលដែលបាននាំចូល ជាពិសេសឧស្ម័នធម្មជាតិដែលមានជិត ៤០% នៃផលិតកម្មអគ្គិសនីសរុប និងធ្យូងថ្មដែលមានប្រហែល ៣០% ៕