សវនាការជំនុំជម្រះក្ដីរបស់ China Evergrande ត្រូវពន្យារពេលទៅខែក្រោយវិញ

អន្តរជាតិ

សវនាការជំនុំជម្រះក្ដីរបស់ក្រុមហ៊ុន China Evergrande Group ជុំវិញការបញ្ជាឲ្យរំលាយក្រុមហ៊ុន ដើម្បីយកប្រាក់ទៅសងបំណុល ត្រូវបានពន្យារពេលទៅខែក្រោយវិញ ដោយតុលាការសម្រេចទុកពេលឲ្យក្រុមហ៊ុនជាប់បំណុលច្រើនបំផុតលើលោកមួយនេះ អាចរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួន ឲ្យបានរួចរាល់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា តុលាការបានពន្យារពេល​ការបើកសវនាការមួយនេះ រហូតដល់ថ្ងៃទី២៩ ខែមករា បន្ទាប់ពីក្រុមមេធាវីស្នើសុំឲ្យមានការ​ពន្យារពេល ក្រោមហេតុផលថា ម្ចាស់បំណុលទាំងអស់សុទ្ធតែមិនចង់ឃើញ Evergrande រំលាយក្រុមហ៊ុនឡើយ។

ជាមួយគ្នា តុលាការកំពូលហុងកុង ក៏បានសង្កត់ធ្ងន់ថា ការពន្យារពេលសារនេះគឺជាការផ្ដល់ឱកាសចុងក្រោយ សម្រាប់ក្រុមហ៊ុន Evergrande ដើម្បី​រកវិធីសាស្ត្រក្នុងការជួយខ្លួនឯង ពីការរំលាយក្រុមហ៊ុន។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Evergrande មានបំណុលច្រើនជាង ៣០០ពាន់លានដុល្លារ ខណៈកាលពីសប្ដាហ៍មុន ពួកគេបានជួបជាមួយម្ចាស់បំណុល ជជែកគ្នាពីរចនាសម្ព័ន្ធបំណុលថ្មី ប៉ុន្តែក្រុមម្ចាស់បំណុលបដិសេធផែនការរបស់ Evergrande និងទាមទារឲ្យមានការរំលាយក្រុមហ៊ុន បើសិនជាក្រុមហ៊ុនចិនមួយនេះ មិនព្រមកែសម្រួល​រចនាសម្ព័ន្ធបំណុល តាមដែលអ្វីដែលពួកគេចង់បាន។

ជម្រាបបន្ថែមថា បើសិនជា Evergrande ត្រូវបានរំលាយក្រុមហ៊ុនមែន នោះក្រុមម្ចាស់បំណុល​នឹងទទួលបានទឹកប្រាក់ប្រហែល ២៤០ពាន់លានដុល្លារ ប៉ុន្តែវិស័យអចលនទ្រព្យនៅប្រទេសចិន នឹងកាន់តែប្រឈមហានិភ័យធ្ងន់ធ្ងរមួយកម្រិតទៀត៕