សមាជិកព្រឹទ្ធសភាជាច្រើនរូប ស្នើសុំឲ្យរដ្ឋបាលប្រធានាធិបតី ចូ បៃដិន ហាមឃាត់ការធ្វើដំណើរទៅប្រទេសចិន

អន្តរជាតិ

សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋចំនួន ៥រូប ដែលដឹកនាំដោយលោក Marco Rubio កាលពីចុងសប្តាហ៍មុន បានស្នើសុំឲ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក ចូ បៃដិន ហាមឃាត់ការធ្វើដំណើររវាងសហរដ្ឋអាមេរិក និងប្រទេសចិន បន្ទាប់ពីមានករណីជំងឺផ្លូវដង្ហើមកើនឡើងខ្លាំង ក្នុងប្រទេសនៅតំបន់អាស៊ីមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លិខិតមួយដែលបានចុះហត្ថលេខាដោយលោក Rubio ដែលជាសមាជិកសភាជាន់ខ្ពស់នៃគណៈកម្មាធិការស៊ើបការណ៍ព្រឹទ្ធសភា រួមជាមួយនឹងសមាជិកព្រឹទ្ធសភាផ្សេងទៀតដូចជាលោក J.D. Vance , Rick Scott, Tommy Tuberville និង Mike Braun បាននិយាយថា ៖ ” យើងគួរតែដាក់កម្រិតជាបន្ទាន់នូវការធ្វើដំណើររវាងសហរដ្ឋអាមេរិក និងចិន រហូតដល់យើងអាចដឹងបន្ថែមអំពីគ្រោះថ្នាក់ដែល​បង្ក​ឡើងដោយជំងឺថ្មីនេះ”។

ការកើនឡើងនៃចំនួនករណីចំពោះជំងឺឆ្លងថ្មីនេះ បានក្លាយជាបញ្ហាសកលធំមួយកាលពីសប្តាហ៍មុន នៅពេលដែលអង្គការសុខភាពពិភពលោក បានស្នើសុំឲ្យប្រទេសចិនផ្តល់ជូនព័ត៌មានបន្ថែម ជុំវិញរបាយការណ៍ស្តីពីចង្កោមនៃប្រភេទជំងឺរលាកផ្លូវដង្ហើម ដោយបានកើតឡើងជាពិសេសទៅលើកុមារ។

ជុំវិញបញ្ហានេះ មន្ត្រីរដ្ឋបាលលោក បៃដិន បានចេញមុខឆ្លើយតបវិញថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវការកើនឡើងនៃករណីជំងឺផ្លូវដង្ហើម នៅក្នុងប្រទេសចិន ដោយបានបន្ថែមថានៅពេលនេះ ពុំមានសញ្ញាណាមួយបង្ហាញថាមានករណីណាមួយកំពុងកើតឡើងនៅក្នុងនាយកដ្ឋានសង្គ្រោះបន្ទាន់របស់សហរដ្ឋអាមេរិកនៅឡើយនោះទេ។

ទន្ទឹមនឹងនេះ អ្នកនាំពាក្យស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន លោក Liu Pengyu ក៏បានចេញមុខឆ្លើយតបទៅនឹងលិខិតរបស់លោក Rubio វិញផងដែរថា ៖”ការអះអាងដែលពាក់ព័ន្ធចំពោះករណីនេះ គឺជាការប្រឌិតដោយចេតនាសុទ្ធសាធ។ ហើយរដ្ឋាភិបាលចិន នឹងធ្វើការប្រឆាំងយ៉ាងម៉ឺងម៉ាត់ជាទីបំផុត” ៕