ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយពុំទទួលប្រាក់បំណាច់មុខងារ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយទទួលបានការតែងតាំងនេះ អ្នកឧកញ៉ា លឹម ហេង បានបង្ហាញសារថ្លែងអំណរគុណយ៉ាងដូច្នេះថា៖ “ខ្ញុំបាទ និងក្រុមគ្រួសារសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានស្នើសុំសេចក្តីក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យតែងតាំងរូបខ្ញុំបាទ ជាទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា”។
អ្នកឧកញ៉ា លឹម ហេង ត្រូវបានគេស្គាល់ថាជាពាណិជ្ជករម្នាក់ដែលមានភាពស្និទស្នាលជាមួយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ខណៈបច្ចុប្បន្នអ្នកឧកញ៉ាកំពុងកាន់តួនាទីជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងតែងបង្ហាញពីសកម្មភាពដឹកនាំលើកិច្ចការរបស់សភាពាណិជ្ជកម្មជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស។
សូមជម្រាបថា អ្នកឧកញ៉ា លឹម ហេង អ្នកប្រកបមុខជំនួញក្នុងវិស័យកសិកម្មដ៏ជោគជ័យមួយរូបក្នុងប្រទេសកម្ពុជា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារ «អ្នកឧកញ៉ា» កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣៕