កូនប្រុសលោក ជា សុផារ៉ា ចុះពិនិត្យទីតាំងគម្រោងអភិវឌ្ឍក្រុមហ៊ុនរបស់អ្នកឧកញ៉ា ឃុន សៀ លើទុនវិនិយោគ ៤ពាន់លានដុល្លារ

ជុំវិញ​ឧកញ៉ា

លោក ផារ៉ា មង្គល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ កូនប្រុស​របស់​លោក​ ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​​​បាន​ដឹកនាំ​ក្រុមការងារ​ក្រសួង ចុះ​ពិនិត្យ​ទីតាំងអភិវឌ្ឍ​លំនៅឋានតម្លៃ​សមរម្យ​របស់ក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត​ អិចផត​​ របស់​អ្នក​ឧកញ៉ា ឃុន សៀ នៅក្រុងអរិយក្រត្ស​ ខេត្ត​កណ្តាល​ ដែលគ្រោងទុនវិនិយោគប្រហែល​ ៤​ពាន់លានដុល្លារ​អាមេរិក ​​កាលពី​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះពិនិត្យ​របស់​​ក្រុមការងារ​ក្រសួង​ជំនាញ​ ដែល​ដឹកនាំ​​ដោយ​លោក ផារ៉ា មង្គល​ នេះ ​​បាន​ធ្វើ​ឡើង​ បន្ទាប់ពី​លោក ផាន ផល្លា រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​បើក​កិច្ចប្រជុំ​​ក្រុមការងារ​អន្តរក្រសួង ប្រជុំពិភាក្សា​អំពី​​គម្រោង​អភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត​ អិចផត កាលពីថ្ងៃ​ទី២០ ខែមិថុនា ឆ្នាំ២០២៣ កន្លង​ទៅ ដើម្បី​សិក្សា​លម្អិត​លើ​គម្រោង​អភិវឌ្ឍ​មួយ​នេះ​បន្ថែម។

​សណ្ឋាន​ដី​នៃ​ទីតាំង​គម្រោង​នេះ​ ជា​ទីតាំងដីដុះ ដែល​តម្រូវ​ឱ្យ​មានការចាក់ថ្ម និងចាក់ខ្សាច់ ពីព្រោះ​ពី​មុនមក​មានការបាក់ដីរហូត។ ការអភិវឌ្ឍ​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹងធ្វើឱ្យ​លែង​មាន​ការ​បាក់​ច្រាំង​ទន្លេ​ពី​ធម្មជាតិ​ទៀត​ ព្រោះ​ការ​អភិវឌ្ឍ​ច្រាំង​ទន្លេ​នេះ​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ និង​ចំណាយ​ថវិកា​ច្រើន។

លោក គង់ សោភ័ណ អភិបាលខេត្តកណ្តាល​ ធ្លាប់​បាន​​គូស​បញ្ជាក់​ថា ​ក្នុងការ​ចាក់​ថ្ម​របស់​គម្រោង​​​ខាង​លើ​ លោក​​មើល​ទៅ​លក្ខណៈ​ប្រហាក់​ប្រហែល​នឹង​ការ​អភិវឌ្ឍ​នៃ​តំបន់​កោះពេជ្រ និង​កោះ​នរា​ដែរ។ ម្យ៉ាង​ទៀត​ ក្រុមហ៊ុន​បាន​ជួល​ដីរដ្ឋ​មាន​កិច្ចសន្យា​តាម​ច្បាប់​ត្រឹមត្រូវ ខ្ទង់​៥០ឆ្នាំ​ ហើយ​ទំហំ​ប្រមាណ ៧០​ហិកតា ដើម្បី​ធ្វើការ​វិនិយោគ​​ អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍​ អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ ខុនដូ ផ្សារ​ទំនើប​ និង​​អគារ​លំនៅឋាន ដែល​នឹង​អាច​ជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​មូលដ្ឋាន។

​សូម​ជម្រាប​ថា ​ក្រុមហ៊ុន​ ឃុន​ សៀ​ អ៊ីមផត​ អិចផត (Khun Sea Import Export Co., Ltd) ទទួល​បាន​សិទ្ធិ​វិនិយោគ​​លើ​ផ្ទៃដី​ជាង ៧០ហិកតា ក្នុង​រយៈពេល ៥០ឆ្នាំ ​​ដោយ​មាន​ សជណ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី កាលខែ​មេសា ឆ្នាំ២០១៩។ ​គម្រោង​អភិវឌ្ឍ​របស់​ក្រុមហ៊ុន​នេះ​ មាន​ទទឹង ៦០០ម៉ែត្រ បណ្តោយជិត ៤គីឡូម៉ែត្រ ​ផ្ទៃក្រឡាជាង ៧០ហិកតា ចាប់ពីកំពង់ចម្លងអរិយក្សត្រ រហូតដល់វត្តសារិកាកែវ ច្រាំង​ទន្លេ​មេគង្គ ភាគ​ខាង​ត្បូង​សង្កាត់​អរិយក្សត្រ​ ក្រុងអរិយក្សត្រ ខេត្តកណ្តាល៕