កាលពីថ្ងសទី០៤ ខែធ្នូ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu នឹងត្រូវកាត់ទោសជាឧក្រិដ្ឋជននៃសង្គ្រាម ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើតំបន់កាហ្សា។
យោងតាមការចុះផ្សាយពីបណ្ដាញសារព័ត៌មាន Reuters បានរាយការណ៍ថា កន្លងមកតួកគី តែងតែបង្ហាញការគាំទ្រ ដល់ការដោះស្រាយគ្នាបែបសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ប៉ុន្តែក្រោយផ្ទុះសង្គ្រាម តួកគីបានរិះគន់យ៉ាងខ្លាំង ចំពោះអ៊ីស្រាអែល ជុំវិញការវាយបក ដែលសម្លាប់មនុស្សច្រើនជាង ១៥ ៥០០នាក់។
“លើសពីឧក្រិដ្ឋជនសង្គ្រាម លោក Netanyahu ដែលកំពុងក្លាយជាឃាតករនៅតំបន់កាហ្សា នឹងទទួលការកាត់ទោស ដូចជាលោក Milosevic អញ្ចឹង”។ លោក Erdogan ចង់សំដៅទៅអតីតប្រធានាធិបតីប្រទេសយូហ្គោស្លាវី លោក Slobodan Milosevic ដែលត្រូវបានកាត់ទោសពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមនៅសាលាក្តីនៃទីក្រុងឡាអេ។
បន្ថែមពីនោះ ប្រធានាធិបតីនៃប្រទេសតួកគី ក៏បានថ្កោលទោសចំពោះការគាំទ្ររបស់លោកខាងលិច សម្រាប់ប្រទេសអ៊ីស្រាអែល ដោយលោកអះអាងថា ជាការគាំទ្រអំពើឃោរឃៅ និងជាការគាំទ្រគ្មានការគិតពិចារណាល្អិតល្អន់ឡើយ៕