សមាគមប្រតិបត្តិការទេសចរណ៍នៃប្រទេសរុស្ស៊ី (ATOR) បានរាយការណ៍មកថា ចាប់ពីខែមករាដល់ខែតុលា លំហូរនៃភ្ញៀវទេសចររុស្ស៊ីទៅកាន់ប្រទេសតួកគី កើនឡើង ២៦% ពីមួយឆ្នាំទៅមួយឆ្នាំ់ ដែលស្មើរនឹងចំនួនអ្នកទេសចរ ៥,៨ លាននាក់។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Tass។
ទិន្នន័យដែលរាប់ចាប់ពីខែមករា ដល់ខែតុលា បានបង្ហាញថា រុស្ស៊ីឈរលើចំណាត់ថ្នាក់លំដាប់លេខ ១ ទាក់ទងនឹងលំហូរភ្ញៀវទេសចរទៅកាន់ប្រទេសតួកគីច្រើនជាងគេបំផុត ដោយមានចំនួន ៥ ៨៣៨ ២០៣ នាក់ ខណៈដែលអាល្លឺម៉ង់ជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីរុស្ស៊ី ស្របពេលចក្រភពអង់គ្លេសឈរនៅលេខរៀងទី ៣ ។
ទីក្រុងដ៏ល្បីល្បាញ Antalya តែងតែជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតនៅក្នុងប្រទេសតួកគី ដោយមានជនជាតិរុស្សី ៣,៣ លាននាក់មកទស្សនានៅចន្លោះខែមករា ដល់ខែតុលា ហើយចំនួននេះកើនឡើង ១៧,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទាបជាង ៣៨,៧% ឯណោះ បើធៀបនឹងរយៈពេល ១០ ខែដំបូងនៃឆ្នាំ ២០១៩ ៕