ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក DFC ចុះហត្ថលេខាផ្តល់កម្ចី ៥០០លានដុល្លារ ដល់ក្រុមហ៊ុន VinFast

អន្តរជាតិ

ទីភ្នាក់ងាររដ្ឋាភិបាលអាមេរិក ហៅកាត់ DFC បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០០លានដុល្លារ ជូនដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast សម្រាប់ការពង្រីកអាជីវកម្មបន្ថែមទៀត។នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន VinFast បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់កម្ចីដែលទទួលបានពី DFC នេះ នឹងត្រូវយកទៅប្រើប្រាស់ដើម្បីគាំទ្រដល់ការសាងសង់រោងចក្រផលិតអាគុយលីចូមអ៊ីយ៉ុង របស់ VinFast នៅក្នុងប្រទេសវៀតណាម។

ទន្ទឹមនឹងនេះ DFC ក៏បាននិយាយនៅលើបណ្តាញសង្គម X ផងដែរថាខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏គួរឲ្យចាប់អារម្មណ៍មួយ ដើម្បីគាំទ្រដល់រោងចក្រផលិតអាគុយលីចូមអ៊ីយ៉ុងថ្មីរបស់ក្រុមហ៊ុន VinFast នៅក្នុងប្រទេសវៀតណាម ប៉ុន្តែខាងទីភ្នាក់ងាររដ្ឋាភិបាលអាមេរិកមួយនេះ មិនបានផ្តល់ព័ត៌មានលម្អិតអ្វីបន្ថែមទៀតនោះឡើយ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន VinFast ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៧ និងទទួលបានការគាំទ្រដោយ Vingroup ដែលជាក្រុមហ៊ុនធំជាងគេរបស់វៀតណាម ហើយបានចាប់ផ្តើមចែកចាយរថយន្តអគ្គិសនីរបស់ខ្លួនជាលើកដំបូង នៅទឹកដីរដ្ឋកាលីហ្វ័រញ៉ាក្នុងខែមីនា៕