អាជ្ញាធរចិន បំផ្លាញទំនិញក្លែងក្លាយចំនួន ៣​​​ ពាន់តោន ដែលមានតម្លៃជិត ៧០លានដុល្លារ

អន្តរជាតិ

យោងតាមទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍មកថា អាជ្ញាធរចិន បានកម្ទេចចោលនូវផលិតផលក្លែងក្លាយដ៏ធំសម្បើមមួយ ដោយក្នុងនោះមានទំនិញក្លែងក្លាយមកពីម៉ាកល្បីៗដូចជា Nike និង Louis Vuitton នៅក្នុងព្រឹត្តិការណ៍បង្ក្រាបទ្រង់ទ្រាយធំមួយ ដែលធ្វើឡើងនៅទូទាំង ១៧ ខេត្ត និងទីក្រុង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទូរទស្សន៍ CCTV បានអះអាងទៀតថា សរុបទាំងអស់មានផលិតផលក្លែងក្លាយចំនួន ៣ ០០០ តោន ដែលមានតម្លៃសរុបប្រមាណ ៥០០ លានយ៉ន់(៦៩លានដុល្លារអាមេរិក) ត្រូវបានយកទៅដុតបំផ្លាញ និងបោះចោលទៅក្នុងកន្លែងចាក់សំរាម។

បើតាមសេចក្តីថ្លែងការណ៍មួយរបស់រដ្ឋបាលសម្រាប់បទប្បញ្ញត្តិទីផ្សាររបស់ប្រទេសចិន បាននិយាយថា ៖ ” រដ្ឋាភិបាលបានផ្តល់អាទិភាពលើការបង្ក្រាបចំពោះការរំលោភបំពាន ហើយកំពុងធ្វើការកែតម្រូវដោយប្រឆាំងដាច់ខាតចំពោះសកម្មភាពខុសច្បាប់ និងចលាចលតាមរយៈការប្រើប្រាស់កណ្តាប់ដៃដែក។ ហើយចំពោះប្រតិបត្តិការបំផ្លាញនេះ គឺជាផ្នែកមួយនៃការផ្សព្វផ្សាយគោលនយោបាយប្រកួតប្រជែង ដោយយុត្តិធម៌របស់ប្រទេសចិន ដែលបានចែងតាំងពីឆ្នាំ ២០២២ មក” ។

ជម្រាបជូនផងដែរថា អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ បានប៉ាន់ប្រមាណថា ពាណិជ្ជកម្មសកលលើផលិតផលក្លែងក្លាយមានចំនួនដល់ទៅ ៤៦៤ពាន់លានដុល្លារ គិតក្នុងឆ្នាំ ២០១៩ ខណ:ការរីកដុះដាលនៃពាណិជ្ជកម្មអេឡិចត្រូនិកក្នុងរយ:ពេលប៉ុន្មានឆ្នាំថ្មីៗនេះ បាននាំឱ្យមានកំណើនយ៉ាងខ្លាំងនូវទំនិញក្លែងក្លាយ៕