យោងតាមទីភ្នាក់ងារសារព័ត៌មាន RT បានរាយកាណ៍ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹងទទួលបានការអញ្ជើញចូលរួមកិច្ចប្រជុំកំពូល G20 នៅប្រទេសប្រេស៊ីលនាឆ្នាំក្រោយ នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva ។
មេដឹកនាំប្រទេសប្រេស៊ីលរូបនេះបានបន្ថែមទៀតថា លោកមិនមានឥទ្ធិពលលើប្រព័ន្ធតុលាការប្រេស៊ីលទាក់ទងនឹងការអនុវត្តដីកាចាប់ខ្លួនដែលចេញដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ទាក់ទងនឹងមេដឹកនាំរុស្ស៊ីនោះទេ។
ថ្លែងក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ លោក Lula បានបញ្ជាក់ថា ទោះបីជាលោក Putin ទៅ ឬមិនទៅក៏ដោយ លោកត្រូវតែអញ្ជេីញគាត់ ដើម្បីឲ្យចូលរួមកិច្ចប្រជុំកំពូល G20 ដែលគ្រោងនឹងធ្វើឡេីងនៅទីក្រុង Rio de Janeiro ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខ។
មួយវិញទៀត បេីរំលឹកកាលពីខែកញ្ញាកន្លងទៅ ប្រធានាធិបតីប្រេស៊ីលរូបនេះបាននិយាយថា លោកពូទីន អាចទៅប្រេស៊ីលបានយ៉ាងងាយ ដើម្បីចូលរួមព្រឹត្តិការណ៍អន្តរជាតិផ្សេងៗ។ គាត់បាននិយាយនៅពេលនោះថា ប្រសិនបើខ្ញុំនៅតែកាន់តួនាទីជាប្រធានាធិបតី ហើយគាត់មកទីនេះ វាគ្មានផ្លូវដែលគាត់នឹងត្រូវចាប់ខ្លួននោះទេ។
យ៉ាងណាមិញ ប្រេស៊ីលគឺជាសមាជិកដើមដំបូងនៃ ICC ខណៈកាលពីខែមីនាបានចោទប្រកាន់ទាំងលោកពូទីន និងលោកស្រី Maria Lvova-Belova ដែលជាស្នងការរបស់ប្រទេសទទួលបន្ទុកសិទ្ធិកុមារ ទាក់ទិនពីបទប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមដែលពាក់ព័ន្ធនឹងការនិរទេសដោយខុសច្បាប់របស់កុមារអ៊ុយក្រែនទៅកាន់ប្រទេសរុស្ស៊ី។
មន្ត្រីរុស្ស៊ីបាននិយាយម្តងហើយម្តងទៀតថា ការសម្រេចចិត្តជម្លៀសកុមារអ៊ុយក្រែនចេញពីតំបន់ជម្លោះគឺផ្អែកលើការព្រួយបារម្ភអំពីសុវត្ថិភាព ដោយបានរំលឹកឡើងវិញថា អនីតិជននឹងត្រូវប្រគល់ជូនឪពុកម្តាយ ឬអាណាព្យាបាលស្របច្បាប់វិញភ្លាមៗតាមការស្នើសុំ៕