ប្រទេសថៃ បានមើលឃើញការកើនឡើងយ៉ាងខ្លាំងបំផុតនៃការនាំចេញអង្ករទៅកាន់ប្រទេសឥណ្ឌូណេស៊ី ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារប្រទេសដីកោះមួយនេះ បានរងពលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារតែគ្រោះរាំងស្ងួត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។
អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Naphinthorn Srisanpang បាននិយាយថា ប្រទេសឥណ្ឌូណេស៊ី ធ្លាប់ជាប់ចំណាត់ថ្នាក់ទី២០ ក្នុងបញ្ជីអ្នកនាំចូលអង្ករច្រើនបំផុតពីប្រទេសថៃកាលពីឆ្នាំមុន ដោយបានបញ្ជាទិញអង្ករចំនួន ៩១ ៧១៤ តោន ក្នុងតម្លៃ ៤២,២៤លានដុល្លារ។
ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំនេះ បរិមាណនាំចេញអង្ករបានកើនឡើងយ៉ាងខ្លាំងដល់ ១,០៥លានតោន ក្នុងមានតម្លៃ ៥២៣,៤លានដុល្លារ ដែលធ្វើអោយប្រទេសឥណ្ឌូនេស៊ី ក្លាយជាអ្នកនាំចូលអង្ករលំដាប់លេខ១ របស់ថៃ។
លោក Naphinthorn បាននិយាយទៀតថា គ្រោះរាំងស្ងួត បានបង្កផលប៉ះពាល់ដល់តំបន់ដាំដុះស្រូវរបស់ប្រទេសឥណ្ឌូនេស៊ី ជាពិសេសនៅលើកោះជ្វា និងផ្នែកខ្លះនៃកោះស៊ូម៉ាត្រាខាងត្បូង ស្របពេលកសិករនៅតំបន់ខ្ពង់រាប បានបង្ខំចិត្តដាំដុះរុក្ខជាតិដែលប្រើប្រាស់ទឹកតិចដូចជាពោតជំនួសវិញ។
ជម្រាបជូនផងដែរថា ការនាំចេញអង្កររបស់ប្រទេសថៃ ក្នុងអំឡុងខែមករាដល់ខែតុលា មានចំនួនសរុប ៦,៩២ លានតោន ដែលមានតម្លៃ ៣,៩៦ពាន់លានដុល្លារ កើនឡើងពី ១១,៤% ទៅ ២៤,៧% បើធៀបទៅនឹងឆ្នាំមុន ខណ:ប្រទេសនាំចូលកំពូលទាំង៥ មានដូចជាឥណ្ឌូណេស៊ី អាមេរិក អាហ្វ្រិកខាងត្បូង អ៊ីរ៉ាក់ និងចិន៕