ឈ្មោះក្រុងចាស់ ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុសម្រេចជ្រើសរើសយកមកបង្កើតជាក្រុងថ្មី

សង្គម​ និង​សេដ្ឋកិច្ច


រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះបន្តបើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសំណើសុំបង្កើតក្រុងថ្មីមួយបន្ថែមទៀត ខណៈបច្ចុប្បន្នខេត្តដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី» មួយនេះមានក្រុងចំនួន២រួចមកហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមការងារសិក្សាគម្រោងបង្កើតក្រុងថ្មីនៃខេត្តព្រះសីហនុ បានថ្លែងប្រាប់គេហទំព័រសារព័ត៌មានឧកញ៉ាញូស៍ (Oknha News) ឱ្យដឹងថា គម្រោងគ្រោងនឹងបង្កើតក្រុងថ្មីនេះមានឈ្មោះថា ក្រុងកំពង់សោម ដែលបំបែកចេញពីស្រុកព្រៃនប់។

យោងតាមរបាយការណ៍ដែលឧកញ៉ាញូស៍ទទួលបាន ការបង្កើតក្រុងថ្មីនេះ ត្រូវបំបែកចេញពីស្រុកព្រៃនប់ កំណត់យក៥ឃុំ គឺឃុំបិតត្រាំង ឃុំរាម ឃុំអូរឧកញ៉ាហេង ឃុំបឹងតាព្រហ្ម និងឃុំអូរជ្រៅ។

របាយការណ៍ដដែលបញ្ជាក់ថា ក្រុងដែលគ្រោងបង្កើតថ្មី ឈ្មោះក្រុងកំពង់សោម ក្រោបដណ្តប់លើកោះចំនួន ៧ គឺកោះថ្មី, កោះសំពោច, កោះស្រមោច, តាគៀវ, កោះឫស្សី, កោះក្របី, កោះចន្លុះឫកោះព្រើស។

ខេត្តព្រះសីហនុ បច្ចុប្បន្នមានក្រុងចំនួន២ គឺក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង ចំណែកឯស្រុកមាន៣ គឺស្រុកព្រៃនប់, ស្រុកស្ទឹងហាវ, ស្រុកកំពង់សិលា និងមាន ២៩ឃុំ/សង្កាត់។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ធ្លាប់បានបញ្ជាក់ថា ក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ ខេត្តព្រះសីហនុមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសគឺការរីកដុះដាលនៃសំណង់អគារខ្ពស់ៗ ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេស, កំពង់ផែសមុទ្រទឹកជ្រៅ, និងការអភិវឌ្ឍនៅតាមបណ្ដាកោះនានាទូទាំងខេត្ត។

លោកបានលើកឡើងថា សំណង់អគារសរុបក្នុងខេត្តព្រះសីហនុ មានចំនួន ១ ០០៦អគារ និងមានកោះ ចំនួន៣០ ថ្មប៉ប្រះទឹក ចំនួន២។

បច្ចុប្បន្នខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ចពិសេស សរុបចំនួន១១តំបន់ ក្នុងនោះមាន៣តំបន់ ដែលមានរោងចក្រកំពុងដំណើរការ និងរោងចក្រសរុបចំនួន ២៣៩រោងចក្រ។ លោក គួច ចំរើន បានបញ្ជាក់បន្ថែមថា រោងចក្រក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួនសរុប ១៦៨រោងចក្រ និងក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួនសរុប៧១រោងចក្រ មានកម្លាំងពលកម្មសរុបចំនួន ៣៤ ៤៧៩នាក់ មានទុនវិនិយោគសរុបចំនួន ២,២១១,៦៧ ១,០០០ដុល្លារអាម៉េរិក។

ខេត្តព្រះសីហនុ មានវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម, ពាណិជ្ជកម្ម, ទេសចរណ៍, និងកសិកម្ម ដែលជាវិស័យអាទិភាពសម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ របស់រាជរដ្ឋាភិបាល។ សក្តានុពលរួមមាន៖ កំពង់ផែសមុទ្រទឹកជ្រៅ, តំបន់សេដ្ឋកិច្ចពិសេស មានចំនួន១១ទីតាំង (៣កំពុងដំណើរការ និង៨ត្រៀមដំណើការ), អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ, និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលត្រូវបានប្រសិទ្ធនាមជា «តារារៈនាទិសនិរតី» ៕