អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចូលរួមសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៣ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីសម្ពោធបើកការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ឆ្នាំ២០២៣ កាលព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ។
កម្មវិធីសន្និបាតបូកសរុប និងបើកការតាំងពិព័រណ៍ ដែលរៀបចំឡើងដោយសមាគមអ្នកសាងសង់កម្ពុជា និងក្រសួងស្ថាប័នជំនាញមួយចំនួន បានប្រារព្វឡើងក្រោមអធិបតីភាពរបស់លោក ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាងលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ព្រមទាំងមានភ្ញៀវជាតិ និងអន្តរជាតិ ជាច្រើនកុះករ។ ក្នុងកម្មវិធីពិព័រណ៍នេះ ធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ ៨ ខែធ្នូ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ដែលមានភ្ញៀវជាតិ និងអន្តរជាតិ ដែលជាអ្នកវិនិយោគ អ្នកអភិវឌ្ឍន៍ អ្នកស្វែងរកដៃគូ ដើម្បីវិនិយោគ និងអភិវឌ្ឍន៍ ម្ចាស់រោងចក្រផលិតផលសម្ភារៈសំណង់ និងធុរកិច្ចជនលើវិស័យសំណង់ជាច្រើនរូប បានអញ្ជើញចូលរួម ដាក់តាំងបង្ហាញផលិតផល និងទស្សនាយ៉ាងច្រើន។
សូមជម្រាបថា បើតាមការលើកឡើងរបស់អ្នកឧកញ៉ា ពុង ឃាវសែ បានឱ្យដឹងថា សមាគមអ្នកសាងសង់កម្ពុជា បានរៀបចំមហាសន្និបាត ចំនួន១៣លើកហើយ រាប់ទាំងឆ្នាំ២០២៣នេះ និងជាលើកទី១០ នៃការរៀបចំពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ។ អ្នកឧកញ៉ា បានបញ្ជាក់ថា ពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ ជាពិព័រណ៍មានលក្ខណៈលំដាប់អន្តរជាតិ និងធំជាងគេនៅប្រទេសកម្ពុជា ហើយសម្រាប់ឆ្នាំនេះ គឺមានក្រុមហ៊ុនចូលរួមចំនួន ១៣៣ក្រុមហ៊ុន ស្មើនឹង ២៣៩ស្តង់ និងមានផលិតផលជាង ១ពាន់មុខ និង ៥០ប្រភេទនៃសេវាកម្ម ហើយផលិតផលទាំងនោះ មានទាំងផលិតផលក្នុងស្រុក និងផលិតផលនាំចូលមកពីបណ្តាប្រទេសជាច្រើនផងដែរ៕