អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនវិនិយោគទុន អណិកជន OCIC និងជាប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា OCIC បានផ្ដល់ឱកាសដល់កូនខ្មែរក្នុងការសាងសង់ព្រលានយន្តហោះ ថ្មី ដើម្បីបង្ហាញស្នាដៃ ក្នុងការប្រកួតប្រជែងជាមួយអន្តរជាតិបាន។
ការលើកឡើងរបស់អ្នកឧកញ៉ា ធ្វើឡើងនៅក្នុងកម្មវិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំលើកទី១៣ របស់សមាគមអ្នកសាងសង់កម្ពុជា និងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្មកោះពេជ្រ នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
នៅលើវេទិការនេះ អ្នកឧកញ៉ា បានបញ្ជាក់ថា ការកសាងព្រលានយន្តហោះថ្មីនេះ នឹងប្រើរយៈពេលជាង៤ឆ្នាំដើម្បីសាងសង់ ដោយមានជាងនិងវិស្វករខ្មែរសុទ្ធជាអ្នកសាងសង់ ដោយមានការត្រួតពិនិត្យដោយចិន និងបរទេសមួយចំនួនទៀតដើម្បីធានាថា ការសាងសង់គឺស្របតាមស្ដង់ដាលក្ខណៈអន្តរជាតិ។
អ្នកឧកញ៉ាថា វិស័យសំណង់នៅកម្ពុជាយើងមិនអន់ប៉ុន្មាននោះទេ នឹងរីកចម្រើនលូតលាស់ទៅមុខ ឱ្យតែមានពេលវេលាក្នុងការកសាង ព្រោះយើងមានធនធានមនុស្សស្រាប់។ ជាក់ស្ដែងដូចជា ស្ពានអាកាសព្រះមុនីវង្សថ្មីនេះ ដែលកសាងឡើងដោយកូនខ្មែរសុទ្ធ១០០% ដោយឡែកសម្រាប់ប្លង់ត្រូវបានគូសដោយចិន និងត្រួតពិនិត្យដោយចិន។
សូមជម្រាបជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោតាខ្មៅ សាងសង់នៅលើផ្ទៃដីទំហំ ២៦០០ ហិកតា គ្រោងចាយទុនជិត២ពាន់លានដុល្លារ ដែលមានភូមិសាស្ត្រនៅក្នុងខេត្តកណ្តាលជាប់ខេត្តតាកែវ និងមានចម្ងាយប្រមាណ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ព្រលានយន្តហោះថ្មីនេះ នឹងប្រើប្រាស់ជំនួសព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈវិសាលភាពព្រលានថ្មីមានភាពធំទូលាយអាចផ្ដល់ដល់កម្រិតយន្តហោះធំៗចុះចតបាន។តាមគម្រោង ការសាងសង់ឱ្យរួចនៅដំណាក់កាលទី ១ គ្រោងបញ្ចប់នៅឆ្នាំ២០២៤ និងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៥។
អត្ថបទ៖ សុកធា