តារាចម្រៀងស្រី Taylor Swift ទទួលបានភាពជោគជ័យរឿងធំ២ នៅក្នុងឆ្នាំនេះ ដែលមិននឹកស្មានដល់ ពោលទើបនឹងក្លាយជាមហាសេដ្ឋីអាមេរិកវ័យក្មេងបំផុតមួយរូប កាលពីចុងខែតុលា ខណៈបច្ចុប្បន្នមហាសេដ្ឋីស្រីម្នាក់នេះ ក៏ទើបទទួលបានជោគជ័យធំធេងមួយទៀត គឺក្លាយជា Person of the Year ពីទស្សនាវដ្ដី TIME។
ទស្សនាវដ្ដី TIME ក៏បានចុះផ្សាយដែរថា រយៈពេលជិតមួយឆ្នាំនេះ Taylor សម្រេចបានសមិទ្ធផលធំៗជាច្រើនដូចជា ងារជាមហាសេដ្ឋី ការលក់អាល់ប៊ុមចម្រៀងបំបែកកំណត់ត្រា និងស្នាដៃជាច្រើនទៀត ដែលជះឥទ្ធិពលដល់មនុស្សទូទាំងពិភពលោក។
កន្លងមក ងារជា Person of the Year តែងតែត្រូវបានផ្ដល់ជូនទៅកាន់បុគ្គលដែលមានឥទ្ធិពលបំផុតប្រចាំឆ្នាំ ហើយអ្នកដែលទទួលបានងារមួយនេះ ភាគច្រើនជាអ្នកនយោបាយដ៏មានឥទ្ធិពល ដូចជាមេដឹកនាំមហាអំណាចធំៗ និងជាមហាសេដ្ឋីលំដាប់កំពូលដូចជា Elon Musk ជាដើម។
គួររំលឹកបន្តិចថា តារាចម្រៀងស្រី Taylor Swift បានក្លាយជាមហាសេដ្ឋី ដោយសារការខំប្រឹងប្រែងរបស់នាងសុទ្ធសាធ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់តារាស្រីរូបនេះ មានប្រមាណ១,១ពាន់លានដុល្លារ៕