អគ្គនាយក ISI GROUP និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន (Urbanland) ប្រកាសឈ្មោះជាផ្លូវការទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង 

ជុំវិញ​ឧកញ៉ា

លោក កាំង ទ្បេង អគ្គនាយក ISI GROUP និងលោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន (Urbanland) កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នេះ  បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពីការប្រកាសឈ្មោះជាផ្លូវការនូវទីតាំងពាណិជ្ជកម្មចម្រុះថ្មី ISI PARK វេង ស្រេង ដែលស្ថិតក្នុងតំបន់ វេង ស្រេង ។ នៅក្នុងសន្និសីទសារព័ត៌មាន ISI PARK Media Night នេះដែរ ថ្នាក់ដឹកនាំកំពូលរបស់ ISI GROUP និងក្រុមហ៊ុន អឺបេនលែន ក៏បានចែករំលែកនូវចក្ខុវិស័យ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗរបស់ខ្លួននៅក្នុងទីតាំងពាណិជ្ជកម្មចម្រុះ ISI PARK វេង ស្រេង នេះផងដែរ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កាំង ឡេង បានបន្ថែមថា៖ «ISI PARK ជាផ្នែកដ៏សំខាន់មួយនៃដំណើររបស់យើង និងជាទិសដៅអភិវឌ្ឍន៍មួយសម្រាប់តំបន់ទីក្រុងនៅប្រទេសកម្ពុជា ហើយយើងខ្ញុំជឿជាក់ថាការបន្តធ្វើឲ្យតំបន់នេះកាន់តែមានភាពរស់រវើកនឹងជួយជំរុញភាពរីកចម្រើនកាន់តែយូរអង្វែង ទាក់ទាញការវិនិយោគកាន់តែច្រើន និងលើកកម្ពស់គុណភាពជីវិតសម្រាប់សហគមន៍ជុំវិញតំបន់នេះ»។

លោក កាំង ឡេង ក៏បានរៀបរាប់ត្រួសៗពីប្រវត្តិនៃការឈរជើងរបស់ក្រុមហ៊ុន ISI GROUP មកទល់សព្វថ្ងៃនេះ គឺបានចាប់ផ្តើមដំបូងឡើយតាំងពីជាង ២៥ ឆ្នាំ មុនមកម៉្លេះ ដោយមានស្ថាបនិកដ៏ឆ្នើម គឺលោកឧកញ៉ា កាំង ម៉េងហ៊ុយ និងលោកស្រី ឃុន ហៀង ជាអ្នកចាប់ផ្តើមជាមួយនឹងបង្កើតក្រុមហ៊ុនយើងពីដំបូងទ្បើយ មានឈ្មោះថា International Steel Industrial ដែលសព្វថ្ងៃត្រូវបានស្គាល់ថាជាក្រុមហ៊ុន អាយ អេស អាយ ស្ទៀល (ISI STEEL)។

លោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន (Urbanland) ក៏បានបង្ហាញពីចំណាប់អារម្មណ៍ ក្នុងនាមជាអ្នកអភិវឌ្ឍគម្រោងអចលទ្រព្យ និងស្ថាបត្យករមួយរូប ថា៖ « នៅអឺបេនលែន យើងតែងតែគិតគូរយ៉ាងហ្មត់ចត់ទៅលើការរចនា និងការបង្កើតទីតាំងដែលផ្តល់ជូននូវភាពវិជ្ជមាន និងមានអត្ថន័យមួយដល់ជីវិតរស់នៅរបស់អ្នកប្រើប្រាស់។ យើងប្រកាន់ខ្ជាប់នូវបេសកកម្មមួយនេះ ដោយមានការយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគម្រោងទាំងអស់ដែលយើងបានអភិវឌ្ឍ។ យើងជឿជាក់ថាយើងបានសម្រេចគោលដៅមួយនេះជាមួយដំណាក់កាលដំបូងនៃការអភិវឌ្ឍ ISI PARK វេង ស្រេង។ »

លោក កាំង ហុក ក៏បានបន្ថែមទៀតថា៖ « នេះគឺជាមោទកភាពមួយដោយបានចូលរួមជា ចំណែកនៃការផ្លាស់ប្តូរមុខមាត់នៅតំបន់ វេងស្រេង តាមរយៈគម្រោងអភិវឌ្ឍ ISI PARK វេង ស្រេង។ រូបខ្ញុំផ្ទាល់ ក៏ទន្ទឹងរង់ចាំនូវការរីកចម្រើនសំខាន់ៗផ្សេងទៀត ដែលនឹងបន្តកើតមាននៅក្នុងតំបន់នេះ នាពេលអនាគតផងដែរ។»

ក្នុងល្ងាចថ្ងៃជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំក្រុមហ៊ុន និងបុគ្គលិកគ្រប់លំដាប់ថ្នាក់ រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដៃគូសហការអាជីវកម្មទាំងអស់ ដែលបានចូលរួម ក៏បានធ្វើការអបអរគម្រប់ខួប ២ឆ្នាំ នៃផ្សារទំនើប ខេ ម៉ល វេង និងធ្វើការស្វាគមន៍គម្រោងថ្មីរបស់ខ្លួនគឺ ផ្ទះអាជីវកម្មចន្ទគីរី​ ក្នុងតំបន់ ISI PARK ។ ផ្ទះអាជីវកម្មចន្ទគីរី ដែលបានចាប់បើកលក់តាំងពីខែ​​ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងតំបន់ ISI PARK នេះផងដែរ។

គួរបញ្ជាក់ដែរថា ផ្សារទំនើប ខេ ម៉ល បានបើកទ្វារទទួលស្វាគមន៍អ្នករស់នៅក្នុងតំបន់ វេង ស្រេង ប្រមាណជាង ៥០ម៉ឺននាក់ និងបម្រើសហគមន៍បុរីជាង ២០គម្រោង និងជាទីតាំងសម្រាប់សម្រាកលម្ហែកាយ ជាមួយការរៀបចំសួនធម្មជាតិចម្រុះសម្បូរបែប និងពោរពេញដោយគំនិតច្នៃប្រឌិតបំផុតពីអ្នកជំនាញក្នុងស្រុក។

ISI GROUP បានចាប់ផ្តើមពីអាជីវកម្មលក្ខណៈគ្រួសារតូចមួយ ប៉ុន្តែបច្ចុប្បន្ននេះ ISI GROUP គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុនសាជីវកម្មធំៗផ្សេងទៀត ដែលទទួលបានការគោរព និង ជោគជ័យបំផុតនៅក្នុងប្រទេសកម្ពុជា។​ ជាមួយនឹងបទពិសោធន៍នៅលើទីផ្សារ ជាង ២៥ ឆ្នាំ បុត្រសម្ព័ន្ធក្រុមហ៊ុនដ៏ល្បីល្បាញមួយនេះ គឺសុទ្ធសឹងតែជាក្រុមហ៊ុននាំមុខគេលើផ្នែកអគារ សំណង់ និង បច្ចេកវិទ្យាលំដាប់ប្រទេស។

សម្រាប់ក្រុមហ៊ុន អឺបេនលែន គឺជាក្រុមហ៊ុន បុត្រសម្ព័ន្ធរបស់ ISI GROUP  ហើយក៏ជាក្រុមហ៊ុនអភិវឌ្ឍគម្រោងអចលនទ្រព្យក្នុងស្រុកមួយ បង្កើតឡើងនៅឆ្នាំ ២០១៣ ដោយស្ថាបត្យករ លោក កាំង ហុក ដែលមានគោលដៅបង្កើតទីកន្លែងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីឱ្យមនុស្សគ្រប់គ្នារស់នៅ ធ្វើការ និងកម្សាន្ដ ដោយការប្ដេជ្ញាលើគុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ លោកជឿជាក់ថា ការផ្ដោតលើតម្រូវការរបស់មនុស្សជាចម្បង គឺជាយុទ្ធសាស្ត្រដ៏ល្អបំផុតដើម្បីជួយលើកកម្ពស់ គុណភាពនៃការរស់នៅ និងបង្កើតបរិយាកាសប្រកបដោយផាសុកភាព៕