ពាណិជ្ជករចាស់វស្សាកំពុងគ្រប់គ្រងអាណាចក្រជំនួញប្រាក់ពាន់លានជាច្រើនគម្រោងធំៗនៅក្នុងប្រទេសកម្ពុជា អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានសម្តែងនូវការសរសើរទៅលើគុណភាពផលិតផលរបស់វៀតណាមនាពេលបច្ចុប្បន្ននេះ ថាល្អប្រសើរជាងឆ្នាំមុន។
ថ្លែងក្នុងពិធីបើកសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិឆ្នាំ២០២៣ កាលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ អ្នកឧកញ៉ា ពុង ឃាវសែ លើកឡើងថា ផលិតផលរបស់វៀតណាមនាពេលបច្ចុប្បន្នគឺល្អប្រសើរនិងមានគុណផងដែរដែលអាចប្រកួតប្រជែងលើទីផ្សារអន្តរជាតិបាន។
អ្នកឧកញ៉ាបន្តថា៖ «បើប្រៀបធៀបនឹង៣០ឆ្នាំមុន យើងទាំងអស់គ្នាសុទ្ធតែដឹងថាផលិតផលរបស់វៀតណាមមិនល្អនោះទេ។ ជាក់ស្ដែងខ្ញុំបានទៅអីវ៉ាន់នៅផ្សាររបស់វៀតណាម អ្វីក៏មិនល្អ អ្វីក៏មិនល្អ… ចុងក្រោយសម្រេចទិញម្សៅសាប៊ូ តែពេលប្រើប្រាស់មិនដឹងជាម្សៅអ្វីឱ្យពិតប្រាកដនោះទេ។ តែឥឡូវបច្ចេកទេសនិងគុណភាពរបស់វៀតណាមគឺល្អមិនដូចមុនទៀត។ ដូចដែលឃើញនៅថ្ងៃនេះ ឬនៅក្នុងឆ្នាំនេះ ក្រុមហ៊ុនរបស់វៀតណាមចំនួនបីបានយកផលិតផលរបស់ខ្លួនមកដាក់តាំងលក់។ ក្នុងន័យនេះ យើងអាចដឹងបានហើយថា ផលិតផលរបស់វៀតណាមនាពេលបច្ចុប្បន្នអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន»។
នាយកដ្ឋានការិយាល័យស្ថិតិវៀតណាម បានបង្ហាញថា ការនាំចេញរបស់វៀតណាមមានចំនួនសរុប ២៥៨ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៩ខែឆ្នាំ២០២៣នេះ ធ្លាក់ចុះ ៨% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។
សារព័ត៌មានក្នុងស្រុកវៀតណាម បានឲ្យដឹងថា អំឡុងពេលនេះ ការនាំចូលរបស់វៀតណាម សម្រេចបានជាង ២៣៧ពាន់លានដុល្លារអាមេរិក ធ្លាក់ចុះប្រមាណ ១៤% ដែលធ្វើឱ្យ វៀតណាម សម្រេចអតិរេកពាណិជ្ជកម្មជាង ២១ពាន់លានដុល្លារអាមេរិក ដែលនាំចេញពីឧស្សាហកម្មសំខាន់ៗជាច្រើន រួមទាំងអេឡិចត្រូនិក កុំព្យូទ័រ ទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ និងវាយនភណ្ឌ។
បើនិយាយអំពីការធ្វើពាណិជ្ជកម្មទំនិញទ្វេភាគីកម្ពុជា-វៀតណាម នៅក្នុងរយៈពេល ១០ខែឆ្នាំ២០២៣នេះ គឺមានទឹកប្រាក់សរុបជិត ៥,៣ ពាន់លានដុល្លារកើនជាង ៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២ ដោយក្នុងនោះទំនិញដែលកម្ពុជានាំទៅវៀតណាម មានជិត ២,៣ ពាន់លានដុល្លារ កើនជិត ៣៦ ភាគរយ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕